ថ្នាក់ដឹកនាំចិនរង់ចាំស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនកិច្ចនៅទីក្រុង Wuhan ក្រោយវិបត្តិ COVID-19 ចប់


(ភ្នំពេញ)៖ ក្រៅពីអរគុណកម្ពុជា ដែលប្រឆាំងនឹងការបង្វែបញ្ហាកូវីដ១៩ ទៅជារឿងនយោបាយ និងល្បែងទម្លាក់កំហុស ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានពាំនាំការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាពីសំណាក់លោកផ្តល់ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងអះអាងថា ចិនរង់ចាំស្វាគមន៍សម្តេចទៅទស្សនកិច្ចនៅទីក្រុង Wuhan ក្រោយវិបត្តិ COVID-19 នេះចប់។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ក្នុងកិច្ចសន្ទនានោះ ឯកឧត្តម វ៉ាង យី បានលើកឡើងថា ឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីរបស់យើងទៅកាន់កំរិតកាន់តែខ្ពស់ថែមទៀត។ ឯកឧត្តមបានបន្តថា អាទិភាពរបស់យើង គឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។

ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរជោគជ័យដែលប្រទេសចិនសម្រេចបានក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជំងឺ។ ឯកឧត្តមក៏បានសរសើរ និងអរគុណចិនដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលើលោកតាមការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអរគុណចិនដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យទាំងពីខាងស៊ីវិល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឱ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្តល់បទពិសោធន៍ដល់កងកម្លាំងមួកខៀវកម្ពុជានៅលីបង់ និងនៅម៉ាលីផងដែរ៕