សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដាំដើមឈើ១,០០០ដើមនៅតាមបណ្តោយផ្លូវជាតិលេខ ៦A


(ភ្នំពេញ)៖ ក្រោមកិច្ចសហការរបស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានប្រារព្ធពិធីសម្ពោធដាំដើមឈើចំនួន ១,០០០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចាប់ពីរង្វង់មូលតាព្រហ្មជ្រោយចង្វារ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញតំណាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ភារធារី Michael Newbill តំណាងរបស់ឯកអគ្គរាជទូតនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសរបស់ក្រុមហ៊ុន។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសរបស់ក្រុមហ៊ុនកូកា-កូឡា បានថ្លែងក្នុងពិធីនេះថា «សកម្មភាពនៅថ្ងៃនេះ គឺជាសកម្មភាពមួយនៃគម្រោងរបស់ក្រុមហ៊ុនក្រោមឈ្មោះថា «កំណើនបៃតង ឬ Green Growth» ដែលមានចក្ខុវិស័យជួយបង្កើនទម្រង់បៃតងនៅកម្ពុជា ក៏ដូចជាសរបញ្ជាក់ពីឆន្ទៈរបស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល អនុវត្តនូវគោលនយោបាយពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាគាំទ្រទស្សនវិស័យរបស់កម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងការគ្រប់គ្រងការបញ្ចេញកាបូននិចនៅកម្ពុជា»

លោកបានបន្តទៀតថា «ក្រុមហ៊ុនពិតជាមានក្តីមោទកៈ ដែលបានចូលរួមជាមួយរដ្ឋាភិបាលនិងដៃគូសហការ ក្នុងការបង្កើតឲ្យមានសមទ្ធិផលនៅថ្ងៃនេះ ហើយយើងនៅមានសកម្មភាពសហគមន៍ជាច្រើនទៀត ដែលកំពុងរង់ចាំយើងអនុវត្តបន្ទាប់ពីឆ្លងផុតគ្រាដ៏តានតឹងនេះ»

សម្រាប់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ក៏មានប្រសាសន៍យ៉ាងដូច្នេះថា រាជធានីភ្នំពេញរបស់យើងមានផែនការមេមួយចំនួន ជាពិសេសប្លង់គោលប្រើប្រាស់ដីធ្លីឆ្នាំ ២០១៥-២០៣៥ រួមទាំងប្លង់គោលប្រឡាយ លូមេ ប្លង់គោលប្រព័ន្ធដឹកជញ្ជូន ហើយយើងនឹងឈានទៅរកការរៀបចំនូវប្លង់មេសម្រាប់ការអភិវឌ្ឍទីក្រុងវៃឆ្លាត ក៏ដូចជាទីក្រុងដែលមាននិរន្តរភាព ក្នុងនោះការពង្រីកនូវគម្របបៃតងគឺជាចំណុចអាទិភាពមួយ។

ដូច្នេះ ការដាំដើមឈើថ្ងៃនេះ គឺជាការបោះជំហានតូចមួយទៀតនៅក្នុងដំណើរដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍរាជធានីភ្នំពេញរបស់យើង ជាពិសេសទាំងផ្នែកសោភណភាព និងបរិស្ថាន។

ឯកឧត្តមបានបន្ថែមទៀតថា «ការដាំដើមឈើ គឺជាការបណ្តុះនូវក្តីសង្ឃឹមផងដែរ ប្រសិនបើមានការថែទាំល្អ ក្នុងរយៈពេលប្រាំទៅដប់ឆ្នាំទៀត យើងនឹងទទួលបាននូវម្លប់ដ៏ត្រជាក់ និងសោភណភាពដ៏ស្រស់ស្អាតសម្រាប់រាជធានីយើង»

ឯកឧត្តម ក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ក៏ដូចជាក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នៅក្នុងថ្ងៃនេះ៕