ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ទី២


ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៨ ខែមេសា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី ក្រោមការគាំទ្ររដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីACCESS បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ទី២ ផែ្នកការងារទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយអង្គការដៃគូអនុវត្តចំនួន៧ តាមរយៈប្រព័ន្ធវីដេអូZoom (zoom video conference call) ដើម្បីរក្សាគំលាតសង្គមក្នុងការចូលរួមទប់ស្កាត់ កូវីត១៩ផងដែរ ។ កិច្ចប្រជុំបានដឹកនាំ និងសម្របសម្រួលដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី និងមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងកិច្ចការនារី តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ តំណាងDFATពីស្ថានទូតអូស្រ្តាលី តំណាងកម្មវិធីACCESS មន្ទីរកិច្ចការនារី ខេត្តសៀមរាប កំពង់ស្ពឺ និងខេត្តកំពង់ចាម និងតំណាងអង្គការដៃគូអនុវត្តកម្មវិធីACCESS ទាំង៧ សរុបចំនួន ៣៤ នាក់ (ស្រ្តី ២២នាក់)។ គោលបំណង ទី១. ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពផ្នែកទប់ស្កាត់អំពើហិង្សារបស់កម្មវិធីACCESS។ ទី២.ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ។ ទី៣.កំណត់សកម្មភាពអាទិភាពសម្រាប់ត្រីមាសបន្ទាប់។ ទី៤.ពង្រឹងកិច្ចសហការគ្នារវាងដៃគូអនុវត្តកម្មវិធីផ្នែកGBV និងលទ្ធភាពដែលអាចគាំទ្រដល់ការងារផ្នែកពិការភាព។
កិច្ចប្រជុំ បានបង្ហាញសមិទ្ធិផលនៃការអនុវត្តកិច្ចការងាររបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីធានាការផ្តល់សេវាប្រកបដោយគុណភាព ។ លោកជំទាវប្រធានអង្គប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តជួយសម្របសម្រួល និងជំរុញកាងារដើម្បីឆ្លើយតបនឹងGBVក្នុងអំឡុងពេលកូវីត ១៩ នេះ ដោយនៅតែបន្តអនុវត្តផែនការសកម្មភាពមួយចំនួនជាមួយ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តដោយប្រជុំពិភាក្សាតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរកដំណោះស្រាយ និងឱ្យការងារមួយចំនួនសម្រេចបានទៅតាមផែនការ។ ក្រសួងកិច្ចការនារីបានសំណូមពរឱ្យមានភាពបន់បែនចំពោះជំនួយរបស់DFAT ក្នុងការគាំទ្រដល់មន្រ្តីបច្ចេកទេសដើម្បីចុះទៅគាំទ្រថ្នាក់ក្រោមជាតិដើម្បីអាចដំណើរការក្នុងការអនុវត្តសកម្មភាពឆ្លើយតបនឹងGBV ។