រាជធានីភ្នំពេញបង្ហាញគម្រោងអភិវឌ្ឍន៍បឹងជើងឯក


Pa 22 01 16 2 copy

     អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បង្ហាញ​គម្រោង​លំអិត​លើ​ការ​អភិវឌ្ឍន៍​នៅ​តំបន់​បឹងជើងឯក​ ក្រោយ​ការ​បណ្ដោយ​អោយ​ក្រុមហ៊ុន​គ្រួសារ​ ឧកញា អ៊ឹង ប៊ុនហូវ ធ្វើ​ការ​ឈូឆាយ​មួយ​រយៈ​ពេល​ ដែល​ធ្វើ​អោយ​ប្រជា​ជន​មាន​ការ​ថ្នាំងថ្នាក់​នោះមក ។

     គម្រោង​លំអិត​នៃ​ការ​អភិវឌ្ឍន៍នេះ ​បាន​លើក​ឡើង​យក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​មួយ​ រវាង​រដ្ឋាភិបាល​រាជ​ធានីភ្នំ​ពេញ​ ឯកឧត្តម ប៉ា សុជាតិ​វង្ស និង​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ នាថ្ងៃទី២១ ខែ​មករានេះ ។ អភិបាល​រាជធានី​បាន​ពន្យល់​ថា​ គោល​ការណ៍​របស់​រាជ​រដ្ឋាភិ​បាល គឺ​រៀប​ចំ​តំបន់​អភិវឌ្ឍន៍​នៅ​ជើង​ឯកនោះ អោយ​ក្លាយ​ជា​តំបន់​មួយ​ដែល​មាន​របៀប​រៀប​រយ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ មន្ទីរ​ពេទ្យ សាលា​រៀន និង​ប្រព័ន្ធ​លូជា​ដើម ។

     ឯកឧត្តម​បាន​បន្ដ​ថា​តំបន់​អភិវឌ្ឍន៍​នោះ​មាន​ផ្ទៃដី​សរុប ២ពាន់​ ៥៧២​ហិចតា​និង​តម្រូវ​អោយ​ប្រជាពលរដ្ឋ​ដែរ​មាន​ដី​ត្រូវ​ចូល​រួម​បដិភាគ​ដី​របស់​ខ្លួន​ចំនួន​៣៥% ទៅ​តាម​ទំហំ​ដី​របស់​ខ្លួន និង​ចេញ​ថវិកា​ខ្លះ​ទៀត​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ដី​របស់​ខ្លួន ។ ឯកឧត្តម​អភិបាល​បាន​បន្ត​ថា​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​យល់​ព្រម​ផ្ដល់​នូវ​បដិភាគ​ដី​របស់​ខ្លួន ​៣៥% រួច​ហើយ​នោះ​ទំហំ​ដី​ដែល​នៅ​សល់​ គឺ​អាជ្ញាធរ​និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​តែ​ម្ដង ។

     ប្រជា​ពលរដ្ឋ​ដែល​បាន​ចូល​រួម​ស្នើ​អោយ​អាជ្ញាធរ​ពិចារណា ​ទំលាក់​ការ​ចូល​រួម​បដិភាគ​មក​នូវ​ត្រឹម​ ២០% និង​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ស្នើ​អោយ​មាន​ការ​ពន្យល់​ ពី​ភាព​ខុស​គ្នា​រវាង​ដី​សំរាប់​អភិវឌ្ឍន៍​ និង​ដី​លំនៅ​ដ្ឋាន និង​ខ្លះ​ទៀត​សំដែង​ការ​បារម្ភ​ថា ពួក​គាត់​មិន​មាន​លុយ​គ្រប់​គ្រាន់​សំរាប់​ចូល​រួម​អភិវឌ្ឍន៍​នោះ​ឡើយ ។

     ទោះ​ជា​យ៉ាង​ណា ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ថា ​ការ​ចូល​រួម​បដិភាគ​៣៥% ​នេះ​ គឺ​ពុំ​មែន​ធ្លាក់​មក​ជា​កម្មសិទ្ធិ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​អ្នក​កាន់​កាប់​និង​ទទួល​ផល​នោះ​ឡើយ តែ​ទុក​សម្រាប់​កសាង​ផ្លូវ​ថ្នល់ រហូត​ដល់​ ៦១​ខ្សែ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ទៀត​ដោយ​ស្រប​ទៅ​តាម​ការ​វិនិច្ឆ័យ របស់​គណៈ​កម្មការ​សិក្សា​យ៉ាង​លំអិត​ ។

     នៅ​លើ​គណនី ​Facebook របស់​ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ដី​នៅ​តំបន់​នេះ ឲ្យ​យក​ឯកសារ​កាន់​កាប់ដី​របស់​ខ្លួន មក​ប្រគល់​ឲ្យ​គណៈ​កម្មការ​ទទួល​ឯកសារ ដែល​រង់ចាំ​ទទួល​នៅ ទីស្នាក់​ការ​ក្រុមហ៊ុន ING Holding ចាក់​អង្រែ ចាប់​ពីថ្ងៃទី២២ មករា តទៅ រហូត​ដល់​រយៈ​ពេល​ ២០ថ្ងៃ ​យ៉ាង​យូរ ។

Pa 22 01 16 3 copy

Pa 22 01 16 4 copy

Pa 22 01 16 5 copy