កម្ពុជាដាក់ល្បែងទាញព្រ័ត្រក្នុងសម្បត្តិបេតិភណ្ឌ


Teagn Proart 22 01 16 2 copy

    កម្ពុជា​បាន​ដាក់​ល្បែង​ទាញ​ព្រ័ត្រ​ក្នុង​បេតិក​ភណ្ឌ និង​អង្គការ Unesco បាន​ប្រគល់​ជា​ផ្លូវ​ការ​នូវ​វិញ្ញាបនបត្រ​ ដែល​ទទួល​ស្គាល់​ល្បែង​ទាញ​ព្រ័ត្រ​ខ្មែរ​នេះ ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​មនុស្ស​ជាតិ​។​

     ការ​ប្រគល់​បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​២១ មករា​នេះ ក្នុង​ឱកាស​ដែល​កម្ពុជា​បាន​ធ្វើ​ពិធី «ត​ភ្ជាប់​ព្រះ​កេស​ជា​មួយ​ដង​ខ្លួន​របស់​បដិមា​ព្រះហរិរៈ​ភ្នំដា​» ។ ពិធី​នោះ​បាន​ធ្វើ​ឡើង​នៅ​សារ​មន្ទីរ​ជាតិ រាជធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧក​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណ​រដ្ឋ​មន្ត្រី និង​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង ​លោក S. Makariou ប្រធាន​សារ​មន្ទីរ​ជាតិ នៃ​សិល្បៈ​អាស៊ីហ្គីមេ ប្រទេស​បារាំង​ផង​ដែរ​ ។

     ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ថ្លែង​ថា កម្ពុជា​ស្វាគមន៍​ការ​វិល​ត្រឡប់​នៃ​ព្រះ​កេស​របស់​ព្រះ​បដិមា ព្រះហរិហរៈ​ភ្នំដា ដើម្បី​ត​ភ្ជាប់​ជាមួយ​ដឹង​ដង​ខ្លួន​វិញ បន្ទាប់​ពី​បាន​ព្រាត់​គ្នា​អស់​រយៈ​ពេល​ប្រមាណ​ ១៣០​ឆ្នាំ ដែល​ប្រៀប​បាន​នឹង​ការ​ផ្តល់​ជីវិត​ថ្មី​ឡើង​វិញ ដល់​ព្រះហរិហរៈ​ ។ ឯកឧត្តម​បាន​លើក​ឡើង​ថា តាម​ជំនឿ​ខ្មែរ នេះគឺ​ជា​មិត្ត​រូប​ដ៏​ល្អ​ប្រពៃ​នៃ​ការ​ជួប​ជុំ​គ្នា​ ការ​រួប​រួម ភាព​ចំរុង​ចម្រើន ភាព​សុខ​ដុម​រមនា និង​ភាព​រឹង​មាំ​នៃ​ព្រលឹង​ជាតិ​ខ្មែរ​ផង​ដែរ​ ។

     កម្ពុជា​កាល​ពី​ឆ្នាំ​កន្លង​ទៅ បាន​ទទួល​ជោគ​ជ័យ​ច្រើន​នៅ​ក្នុង​វិស័យ​បេតិក​ភណ្ឌ​វប្បធម៌ ដូច​ជា​ការ​វិល​ត្រឡប់​មក​កាន់​មាតុ​ភូមិ​វិញ ​នូវ​រូប​បដិមា​ដ៏​ធំ​នៃ​ដៃ​គូ​ប្រយុទ្ធ​គ្នា​គឺ ទុរយោធន៍ និង ភីម រួម​ជា​មួយ​នឹ​ ពលរាម ដោយ​សារ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ឆន្ទៈ​យ៉ាង​មោះ​មុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ និង​ដោយ​មាន​ការ​ចូល​រួម​សហការ​ ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការ​យូណេស្កូ សាលា​បារាំង​ចុង​បូព៌ា (EFEO) និង​អ្នក​ជំនាញ​ដទៃ​ទៀត​ជា​ច្រើន​នាក់​ ។

     ជាង​នេះ​ទៅ​ទៀត​ កាល​ពី​ឆ្នាំ ​២០១៣ ក៏​មាន​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​មួយ ចាត់​ទុក​ថា​ជា​របត់​ថ្មី​មួយ​ប្រកប​ដោយ​ក្តី​សង្ឃឹម​ខ្ពស់ នៃ​ការ​អនុវត្ត «​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​នៃ​អង្គការ​ក្រុម​ប្រឹក្សា​អន្តរ​ជាតិ​សារ​មន្ទីរ​ ។ ព្រឹត្តិ​ការណ៍​នោះ​ គឺ​ការ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​នូវ​បដិមា សហ​ទេព និង​នកុល ដែល​ជា​ទេវ​រូប​ពីរ​អង្គ​ក្នុង​ចំណោម​បង​ប្អូន​បណ្ឌវ ដោយ​សុឆន្ទៈ​របស់​សារ​មន្ទីរ Metropolitan of Art ទី​ក្រុង​ញូវយ៉ក ក្នុង​ឱកាស​នៃ​សម័យ​ប្រជុំ​លើក​ទី​៣៧ នៃ​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​រាជធានី​ភ្នំពេញ​ ។

     ក្នុង​ពិធី​នោះ​ដែល ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ថ្លែង​ថា ពិធី​ប្រគល់​ជា​ផ្លូវ​ការ​នូវ​វិញ្ញា​បន​បត្រ ទទួល​ស្គាល់ «ល្បែង​ទាញ​ព្រ័ត្រ​» ចុះ​ក្នុង​បញ្ជី​បេតិក ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៃ​អង្គការ​យូណេ​ស្កូ នៅ​ក្នុង​សម័យ​ប្រជុំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ​២០១៥ នៅ​ប្រទេស​ណាមីប៊ី​។

     បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា កម្ពុជា​អបអរ​សាទរ «​ល្បែង​ទាញ​ព្រ័ត្រ​» ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​នៃ​មនុស្ស​ជាតិ​បន្ថែម​ទៀត​នេះ​ ។
Teagn Proart 22 01 16 3 copy