បណ្ឌិត ហ៊ុន ម៉ានី ធ្វើបឋកថា អំពីកម្ពុជា នៅអាមេរិក


Many 22 01 16 2 copy

     បុត្រា​របស់​សម្តេច​តេជោ​សែន ឯកឧត្តម ហ៊ុន ម៉ានី បាន​ធ្វើ​បឋកថា​លើក​ដំបូង​មួយ​ លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ​ដែល​រៀប​រាប់​អំពី​ការ​ពិត​ដែល​កម្ពុជា​បាន​ឆ្លង​កាត់​ ។ ​បឋកថា​របស់​ឯកឧត្តម​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​សឺ្ព​ ដែល​និយាយ​អំពី​អនាគត​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ក្នុង​សកល​វិទ្យាល័យ​អាមេរិក Johns Hopkins ការ​ពី​ថ្ងៃទី​២០ ធ្នូ ក្នុង​រដ្ឋធានី Washington ដោយ​មាន​ការ​ចូល​រួម​ពី​មនុស្ស​ជា​ច្រើន​ ជាមួយ​នឹង​សំណួរ​មួយ​ចំនួន​ ។

     បណ្ឌិត ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​រៀប​រាប់​ពី​អតីត​កាល​កម្ពុជា ​ដែល​ឆ្លង​កាត់​សង្រ្គាម​ និង​ជំនាន់ ប៉ុល ពត​… និង​មូល​ហេតុ​នៃ​ការ​តស៊ូ​ដែល​រំដោះ​ប្រទេស​ថ្ងៃ​ ៧​មករា​ ឆ្នាំ​ ១៩៧៩​ ចេញ​ពី​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​… ដំណាក់​កាល​ឆ្លង​កាត់​អន្តរ​កាល​នៃ​សង្រ្គាម​… ការ​ចរចា​របស់​ភាគី​នយោបាយ​…ដំណាក់​កាល​បោះ​ឆ្នោត​សកល​លើក​ដំបូង ​ដែល​មាន​ការ​រៀប​ចំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​… ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ ដោយ​នយោបាយ​ឈ្នះៗ​ ចុង​ឆ្នាំ ​១៩៩៨​​… ការ​រៀប​ចំ​កសាង​ប្រទេស​ដែល​អស់​សង្រ្គាម​ជា​លើក​ដំបូង​… ដំណើរ​ឆ្លង​កាត់​សេដ្ឋកិច្ច​… បច្ចុប្បន្ន​ភាព​ដែល​ប្រទេស​ឆ្លង​កាត់​ ទាំង​កត្តា​វិជ្ជមាន​ និង​អវិជ្ជមាន និង​ការ​រៀប​ចំ​អភិវឌ្ឍន៍​របស់​ប្រទេស​ជា​ជំហាន​ រហូត​មក​ទល់​សឹង​សព្វ​ថ្ងៃ​ ។

     បណ្ឌិត ហ៊ុន ម៉ានី បាន​ថ្លែង​ថា កម្ពុជា​បាន​ប្រែ​មុខ​មាត់​ជា​រៀង​រាល់​ថ្ងៃ​… ហើយ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ គឺ​តែង​តែ​មាន​មោទនភាព​ចំពោះ​ប្រទេស​ជាតិ​… ហើយ​មាន​ជំនឿ​លើ​កម្ពុជា​ និង​អនាគត​ដែល​នឹង​មក​នូវ​ភាព​រុង​រឿង និង​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ ។ បឋក​ថា​របស់​ បណ្ឌិត ហ៊ុន ម៉ានី បាន​ទទួល​ការ​សរសើរ​ពីអ្នក​ចូល​រួម និង​ក៏​មាន​ការ​សាក​សួរ​ពី​មនុស្ស​មួយ​ចំនួន ​ដែល​ចង់​ដឹង​អំពី​កម្ពុជា​ និង​នយោ​បាយ​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​… នយោបាយ​អាស៊ាន​កម្ពុជា​ និង​ទំនាក់​ទំនង​ប្រទេស​ចិន និង​សំណួរ​ជា​ច្រើន​ទៀត​ផង​ដែរ ​។

     ក្នុង​ការ​ឆ្លើយ​នឹង​សំណូរ​ដទៃ​ទៀត​ពី​ខ្មែរ​អាមេរិក​កាំង​ម្នាក់​ឈ្មោះ ម៉ៃ​ខុល ឌួង ដែល​បង្ហាញ​ភាព​ខ្មៅ​ងងឹត​ចំពោះ​កម្ពុជា​ និង​អនាគត​… បណ្ឌិត ហ៊ុន ម៉ានី បាន​ប្រាប់​អោយ​ខ្មែរ​អាមេរិក​កាំង​នោះ ឧស្សាហ៍​មក​ទស្សនា​កម្ពុជា​នា​បច្ចុប្បន្ន​ផង​ ដើម្បី​ស្វែង​យល់​អំពី​ភាព​រីក​ចម្រើន​ និង​ការ​ពិត​នា​បច្ចុប្បន្ន​ ជា​ជាង​គ្រាន់​តែ​ស្តាប់​ការ​និយាយ​ព័ត៌មាន​ម្ខាង​ ដែល​មិន​គ្រប់​ជ្រុង​ជ្រោយ​អំពី​កម្ពុជា​នោះ​ ។