កម្ពុជា ទួគី ជម្រុញគោលដៅពាណិជ្ជកម្ម


Turkey 22 01 16 2 copy

     កម្ពុជា និងទួគី កំពុង​ជម្រុញ​សម្រេច​គោល​ដៅ ផ្លាស់ប្ដូរ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង២​ ចំនួន​ ៥០០​លាន​ដុល្លារ ក្នុងឆ្នាំ ២០២០ ប្រមាណ​ ៤ឆ្នាំ​ខាងមុខ​ទៀត ។

     ការ​ជម្រុញ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប រវាង​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋ​មន្ដ្រី​ការ​បរទេស និងសហប្រតិបត្តិ​ការ​អន្ដរជាតិ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ អាយ​សេ ស៊ីនៀលលីអូគ្លូ (AYSE Sinnirlioglu) ទីប្រឹក្សា ជាន់​ខ្ពស់​ផ្នែក​ទំនាក់ទំនង​អន្ដរជាតិ​របស់​ប្រធានា​ធិបតីទួគី (Sherpa) ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦ នៅ​ទីស្ដី​ការ​ក្រសួង ។

     ​លោកជំទាវ អាយសេ ស៊ីនៀល​លីអូគ្លូ បាន​ជំរាប​ជូន ​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ដ្រី​ពី​សំណើរ​បស់​ប្រធានា​ធិបតី​ទួគី​ សូម​អញ្ជើញ​តំណាង​ជាន់​ខ្ពស់​របស់​កម្ពុជា ចូលរួម ៉កិច្ច​ប្រជុំ​កំពូល​មនុស្ស​ធម៌​ពិភព​លោក​ឆ្នាំ ២០១៦ ៉ (World Humanitan Summit 2016) នៅ​ទីក្រុង​អ៊ីស្ដង់ប៊ូល​ (Istanbul) ថ្ងៃទី២៣-២៤ ឧសភា ឆ្នាំ ២០១៦ និងកិច្ចប្រជុំ «ការ​ពិនិត្យ​ឡើង​វិញ​ក្នុង​ពាក់​កណ្ដាល​អាណត្តិ នូវ​ផែនការ​សកម្មភាព​ទីក្រុង​អ៊ីស្ដង់ប៊ូល »(Midterm Review of Istanbul Program of Action) នៅ​ទីក្រុង​អន់​តាល់​យ៉ា Antalya ប្រទេស​ទួគី ថ្ងៃទី២៧-២៩ ខែ​ឧសភា ឆ្នាំ ២០១៦ ដើម្បី​ពិនិត្យ​ការ​វាយ​តំលៃ​ការ​អនុវត្តន៍​ផែន​ការ​សកម្ម​ភាព​ទីក្រុង​អ៊ីស្តង់​ប៊ូល របស់​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​តិច និង​ដៃគូ​អភិវឌ្ឍ។ ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ដ្រី និង​លោក​ជំទាវ អាយសេ ស៊ីនៀល​លីអូគ្លូ បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា អំពីការ​ជំរុញ​បន្ថែម​ទៀត នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេរភាគី ពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច ។

     ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ដ្រី និង​លោកជំទាវ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចំរើន​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ដូចជា​ការ​បង្កើតក្រុម​ប្រឹក្សា​ធុរៈ​កិច្ច និង​គណៈ​កម្មការ​ចំរុះ​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច សំរាប់​ជំរុញ​អនុវត្ត​ឲ្យបាន​សម្រេច​នូវ​គោលដៅ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទំហំ ៥០០​លាន​ដុល្លារ ក្នុងឆ្នាំ២០២០ ។ ដោយ​ឡែក​ ក៏​មាន​ឯកសារ​មួយចំនួន​ទៀត​ដែល​ប្រទេស​ទាំង​២​ បាន​ចុះ​ហត្ថលេខា​រួច​ហើយ​ដូចជា ​កិច្ច​ព្រ​មព្រៀង​សេវា​កម្ម​អាកាស​ចរណ៍ កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ​ទុន និង​កិច្ច​ព្រម​ព្រៀង​ស្ដីពី​វិស័យ​ទេស​ចរណ៍ ហើយ​និង​ការ​ត្រៀម​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ ស្ដីពី​កិច្ចសហ​ប្រតិបត្តិ​ការ​ការទូត កិច្ច​ព្រមព្រៀង​ស្ដីពី​សហ​ប្រតិបត្តិ​ការ​វប្បធម៌ ។

     ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី និង​លោក​ជំទាវ​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា​ លើ​ការ​ជំរុញ​ការ​អនុវត្តន៍​ឯកសារ​ ដែរ​បាន​ចុះ​ហត្ថលេខា​ខាងលើនេះ ជា​អាទិ៍ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅវិញ​ទៅមក​របស់​សភា​ពាណិជ្ជ​កម្ម (Chamber os Commerce) និង​ធុរកិច្ចជន ការ​បង្កើត​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់ និង​ការ​រៀបចំ​ការ​តាំង​បង្ហាញ​ផ្នែក​ទេសចរណ៍​របស់​កម្ពុជា​នៅទូគី សំដៅ​ជំរុញ​ទេសចរណ៍ ទួគី​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។

     ឯកឧត្តម​ឧបនាយរដ្ឋមន្ដ្រី បាន​ស្នើ​ឲ្យ​ទួគី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​អង្ករ​លេខ​១ នៅលើ​ពិភព​លោក ក្នុង​រយៈ​ពេល ៤ឆ្នាំ ​ជា​បន្ដបន្ទាប់​ពី​ឆ្នាំ​ ២០១២-២០១៥​។ ឯកឧត្តម​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋា​ភិបាល​ទួគី ដែល​បាន​ផ្ដល់​អាហា​រូបករណ៍​ សំរាប់​ការ​បណ្ដុះបណ្ដាល​អ្នក​ការ​ទូត​វ័យ​ក្មេង​របស់​កម្ពុជា​ចំនួន​ ៩នាក់ ។

     ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ដ្រី និង​លោក​ជំទាវ ក៏​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោល់​គ្នា​ផងដែរ អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង២​ លើ​វេទិកា​រអន្ដរ​ជាតិ និង​ការ​រៀបចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​រវាង​ប្រទេស​ទាំង២ ។ នៅ​ក្នុង​កិច្ច​សន្ទនា​ លោក​ជំទាវ​បាន​សំដែរ​ការ​កោត​សរសើរ​ ចំពោះ​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ​ ។