សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីមន្ទីរពេទ្យ និងវិលត្រឡប់មកមាតុប្រទេសវិញហើយ ក្រោយការពិនិត្យសុខភាពចំនួន ៣ថ្ងៃកន្លងមកនេះ ។
សម្តេចតេជោបានមានប្រសាសន៍ក្នុងហ្វេសប៊ុកថា សុខភាពរបស់សម្តេចរឹងមាំ… និងជាមួយនឹងការវិលត្រឡប់មកវិញនេះ សម្តេចបញ្ជាក់ថា មានឯកសារជាច្រើនដែលកំពុងរង់ចាំសម្តេចពិនិត្យសម្រេច និងការចុះហត្ថលេខា ។
គួរកត់សម្គាល់ថា ក្នុងពេលដែលសម្តេចបានសម្រាករយៈពេលខ្លី ក្នុងមន្ទីរពេទ្យប្រទេសសឹង្ហបុរីនេះ មានការសរសេររបស់ប្រជាពលរដ្ឋជាច្រើន ដែលសម្តែងការខ្វល់ខ្វាយចំពោះសុខភាពរបស់សម្តេច ប៉ុន្តែក៏មានការសរសេរខ្លះ ដែលបង្ហោះតាមប្រព័ន្ធហ្វេសប៊ុកប្រើពាក្យមិនសមរម្យចំពោះសម្តេច រហូតដល់ការសរសេរក្លែងជាព័ត៌មានថា សម្តេចបានបាត់បង់ជីវិតថែមទៀត ។
សម្តេចបានមានប្រសាសន៍ថា តាមការស្រាវជា្រវ អ្នកដែលសរសេរក្លែងព័ត៌មាននោះ គឺជាសកម្មជននៃបក្សនយោបាយ ដែលមេដឹកនាំរបស់ពួកគេមួយចំនួនជាជនពាល និងជាជនបោកប្រាស់អាជីព ។ សម្តេចបានថ្លែងថា ពួកគេបានហ្វឹកហ្វឺនតាមរបៀបក្មេងពាលដែលសង្គមស្អប់ខ្ពើម… និងពេលមានបញ្ហាគេតែងតែរត់ចោលស្រុក និងទុកឲ្យថ្នាក់ក្រោមជាប់គុកជំនួស ។
សម្តេចបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនានា ដែលខ្វល់ខ្វាយអំពីសុខភាពសម្តេច និងដែលបានជូនពរសម្តេច តាមរយៈការចុច Like លើ Facebook ។