អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមបេសកម្មថ្មីមួយដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងទប់ស្កាត់ បទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសផ្សេងៗ ។
យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយអគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន នៅថ្ងៃទី២១ មករា ឆ្នាំ ២០១៦នេះ ក្រុមបេសកកម្ម ដែលបង្កើតនោះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ។
ក្រុមបេសកកម្មនោះ មានអនុប្រធានសេនាធិការម្នាក់ជាអនុប្រធាន និងមានសមាជិកជាង១០នាក់ ផ្សេងទៀត ក្នុងនោះ មានស្នងការនគរបាលខេត្តភាគឥសានចំនួន៥ ដូចជាត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរីជាសមាជិកផងដែរ ។ ក្រុមបេសកកម្មនោះ មានភារកិច្ចស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពីសកម្មភាពបណ្តាក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការប្រមូលអនុផលព្រៃឈើ ។
ក្រុមបេសកកម្មដដែលមានភារកិច្ចតាមដាន ការដឹកជញ្ជូនឈើរបស់បណ្តាក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល… ស្រាវជ្រាវរកចំណុចទីតាំង រួមទាំងមធ្យោបាយ ដែលបណ្តាមុខសញ្ញាប្រើប្រាស់ធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
ក្រុមបេសកកម្មនោះផងទៀត ក៏មានភារកិច្ចស៊ើបអង្កេតរកបណ្តាញមេក្លោង ដែលឃុបឃិតជាខ្សែរយៈ ក្នុងការនាំឈើឆ្លងកាត់ព្រំដែន ព្រមទាំងចាត់វិធានការទប់ស្កាត់តាមច្រកព្រំដែនបានទាន់ពេលវេលា ។
ក្រៅពីនោះ ក្រុមបេសកកម្មនេះ ត្រូវធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្កា្របបទល្មើសព្រៃឈើជាប្រចាំ ។
សេចក្តីសម្រេច ក៏បានបញ្ជាដល់សមត្ថកិច្ចនគរបាលជាប់ពាក់ពន្ធ័ ត្រូវចូលរួមអនុវត្តសេចក្តីសម្រេចនោះឲ្យមានប្រសិទិ្ធភាពផងដែរ ។