បុត្រារបស់សម្តេចតេជោសែន ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើបឋកថាលើកដំបូងមួយ លើទឹកដីសហរដ្ឋអាមេរិក ដែលរៀបរាប់អំពីការពិតដែលកម្ពុជាបានឆ្លងកាត់ ។ បឋកថារបស់ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់សឺ្ព ដែលនិយាយអំពីអនាគតនៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានធ្វើក្នុងសកលវិទ្យាល័យអាមេរិក Johns Hopkins ការពីថ្ងៃទី២០ ធ្នូ ក្នុងរដ្ឋធានី Washington ដោយមានការចូលរួមពីមនុស្សជាច្រើន ជាមួយនឹងសំណួរមួយចំនួន ។
បណ្ឌិត ហ៊ុន ម៉ានី បានមានប្រសាសន៍រៀបរាប់ពីអតីតកាលកម្ពុជា ដែលឆ្លងកាត់សង្រ្គាម និងជំនាន់ ប៉ុល ពត… និងមូលហេតុនៃការតស៊ូដែលរំដោះប្រទេសថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ… ដំណាក់កាលឆ្លងកាត់អន្តរកាលនៃសង្រ្គាម… ការចរចារបស់ភាគីនយោបាយ…ដំណាក់កាលបោះឆ្នោតសកលលើកដំបូង ដែលមានការរៀបចំដោយអង្គការសហប្រជាជាតិ… ការបញ្ចប់សង្រ្គាមស៊ីវិល ដោយនយោបាយឈ្នះៗ ចុងឆ្នាំ ១៩៩៨… ការរៀបចំកសាងប្រទេសដែលអស់សង្រ្គាមជាលើកដំបូង… ដំណើរឆ្លងកាត់សេដ្ឋកិច្ច… បច្ចុប្បន្នភាពដែលប្រទេសឆ្លងកាត់ ទាំងកត្តាវិជ្ជមាន និងអវិជ្ជមាន និងការរៀបចំអភិវឌ្ឍន៍របស់ប្រទេសជាជំហាន រហូតមកទល់សឹងសព្វថ្ងៃ ។
បណ្ឌិត ហ៊ុន ម៉ានី បានថ្លែងថា កម្ពុជាបានប្រែមុខមាត់ជារៀងរាល់ថ្ងៃ… ហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺតែងតែមានមោទនភាពចំពោះប្រទេសជាតិ… ហើយមានជំនឿលើកម្ពុជា និងអនាគតដែលនឹងមកនូវភាពរុងរឿង និងសន្តិភាពក្នុងប្រទេសកម្ពុជា ។ បឋកថារបស់ បណ្ឌិត ហ៊ុន ម៉ានី បានទទួលការសរសើរពីអ្នកចូលរួម និងក៏មានការសាកសួរពីមនុស្សមួយចំនួន ដែលចង់ដឹងអំពីកម្ពុជា និងនយោបាយប្រកាន់លទ្ធិប្រជាធិបតេយ្យ… នយោបាយអាស៊ានកម្ពុជា និងទំនាក់ទំនងប្រទេសចិន និងសំណួរជាច្រើនទៀតផងដែរ ។
ក្នុងការឆ្លើយនឹងសំណូរដទៃទៀតពីខ្មែរអាមេរិកកាំងម្នាក់ឈ្មោះ ម៉ៃខុល ឌួង ដែលបង្ហាញភាពខ្មៅងងឹតចំពោះកម្ពុជា និងអនាគត… បណ្ឌិត ហ៊ុន ម៉ានី បានប្រាប់អោយខ្មែរអាមេរិកកាំងនោះ ឧស្សាហ៍មកទស្សនាកម្ពុជានាបច្ចុប្បន្នផង ដើម្បីស្វែងយល់អំពីភាពរីកចម្រើន និងការពិតនាបច្ចុប្បន្ន ជាជាងគ្រាន់តែស្តាប់ការនិយាយព័ត៌មានម្ខាង ដែលមិនគ្រប់ជ្រុងជ្រោយអំពីកម្ពុជានោះ ។