ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យ ការងារជួសជុលខួបប្រព័ន្ធធារាសាស្រ្តកញ្ចំ


នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យ ការងារជួសជុលខួបប្រព័ន្ធធារាសាស្រ្តកញ្ចំ មានទីតាំងស្ថិតនៅក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រព័ន្ធធារាសាស្រ្តកញ្ចំ យកប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេតូចតាមព្រែករំលិចកញ្ចំ និងរំលិចដូង ។ នៅក្នុងឆ្នាំ២០១៨ ប្រឡាយមេកញ្ចំបានទទួលរងនូវការខូចខាតយ៉ាងខ្លាំងដោយសារទឹកជំនន់ ដែលបង្កឲ្យប្រព័ន្ធនេះមិនអាចដំណើរការស្រោចស្រពបាន ដោយស្ថានភាពនៃប្រព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរ ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវឲ្យមានការជួសជុលខួបលើប្រព័ន្ធធារាសាស្ត្រកញ្ចំនេះ ដើម្បីធានាការទ្រទ្រង់ដោយនិរន្តរភាព នៃផលិតផលស្រូវនៅក្នុងគម្រោងប្រព័ន្ធធារាសាស្ត្រ បង្កើនទំនុកចិត្តដល់កសិករ និងអ្នកពាក់ព័ន្ធ ដើម្បីប្រើប្រាស់ និងវិនិយោគនៅក្នុងការអភិវឌ្ឍប្រព័ន្ធដីស្រែ កាត់បន្ថយទំនាស់ការបង្ហូរទឹក តាមប្រព័ន្ធស្រោចស្រពរវាងអ្នកប្រើប្រាស់ទឹក ។ ក្នុងទំហំការងាររួមមានដូចខាងក្រោម ៖
– ជួសជុលប្រឡាយមេប្រវែង ៣.៦០០ម៉ែត្រ
– ជួសជុលសំណង់ទ្វារទឹក (ទ្វារ ៣) ០២កន្លែង
– ជួសជុលសំណង់ស្ទាក់ទឹក (ទ្វារ ២) ០១កន្លែង
– ជួសជុលសំណង់លូដោះទឹក ២០កន្លែង
– ជួសជុលសំណង់ស្ពាន (លូជ្រុង១ជូរ) ០១កន្លែង
– សាងសង់សំណង់បង្ហៀរ ប្រវែង ១៥ម៉ែត្រ ០១កន្លែង ៕