អភិបាលខេត្តសៀមរាប ចុះពិនិត្យការរុះរើសំណង់ប៉ះពាល់ការដ្ឋានសាងសង់ពង្រីកផ្លូវ និងអរគុណនូវការចូលរួមរុះរើដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ


(សៀមរាប)៖ ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ក្រុង សង្កាត់ មេភូមិស្ទឹងថ្មីចុះទៅពិនិត្យផ្លូវកដប ត្រង់ចំណុចផ្លូវភូមិស្ទឹងថ្មី ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារទំនើបចៅសាំងហុក) ដើម្បីពិនិត្យមើលផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់លើដីចំណីផ្លូវរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារដែលបានឯកភាពឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើ ដើម្បីពង្រីកផ្លូវឲ្យបានធំទូលាយ និងងាយស្រួលក្នុងការធ្វេីចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ក៏ដូចជាការចូលរួមបញ្ជៀសការកកស្ទះចរាចរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តសៀមរាបបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំង ២គ្រួសារដែលមានឈ្មោះ ទៀវ សុខវី និងឈ្មោះ ម៉ៅ សុខលី ស្ថិតនៅភូមិស្ទឹងថ្មីតាមបណ្តោយផ្លូវពីកេសរកូល ទៅប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារទំនេីបចៅសាំងហុក) សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបដែលបានយល់ព្រមឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្តដែល រដ្ឋបាលខេត្តសៀមរាបបាន និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដោយមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត។ នេះគឺជាសកម្មភាពជាគំរូមួយដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍក្រុង។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាបសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការលេីការងារអភិវឌ្ឍន៍នានានៅក្នុងខេត្តសៀមរាបទាំងមូលផងដែរ។

សូមបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០ ក៏បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត៕