នាយឧត្ដមសេនីយ៍ វង្ស ពិសេន បញ្ជាឲ្យមេបញ្ជាការកងទ័ពគ្រប់អង្គភាព បន្តការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវមើលស្រាលស្ថានការណ៍កូវីដ-១៩ នោះទេ


(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការដ្ឋាន បានបញ្ជាឲ្យមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកអង្គភាពចំណុះអគ្គបញ្ជាការទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែស និងមិនត្រូវមើលស្រាលស្ថានការណ៍ នៃជំងឺឆ្លងកូវីដ-១៩ឡើយ។

នេះបើតាមសេចក្ដីណែនាំ ស្ដីពី ការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ (Covid-19) របស់អគ្គបញ្ជាការដ្ឋាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។

សេចក្ដីណែនាំ មានខ្លឹមសារយ៉ាងដូច្នេះថា «យោងតាមស្ថានភាព នៃការរីករាលដាល និងករណីស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ នៅលើពិភពលោក ក៏ដូចជានៅ ក្នុងតំបន់ នៅតែបន្តកើនឡើងគួរ ឲ្យព្រួយបារម្ភ ទោះបីជាស្ថានភាពនៃការ រាតត្បាតជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល ដោយមានអ្នកជំងឺជាសះស្បើយ ស្ទើរទាំងស្រុង និងពុំមានករណីឆ្លងថ្មីនាពេលថ្មីៗនេះក្ដី ក៏សភាពការណ៍ដ៏គួរអបអរសាទរនេះ ស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។

អនុវត្តតាមការអំពាវនាវ នាពេលថ្មីៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សូមធ្វើការ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ ធ្វេសប្រហែស និងមិនត្រូវមើលស្រាលស្ថានការណ៍នៃជំងឺឆ្លងកូវីដ-១៩ នេះឡើយ។

គ្រប់កងឯកភាព ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីណែនាំលេខ០០៣/២០២០ ស.ក.ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ (Covid-19)។

ទទួលបាននូវសេចក្ដីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវអនុវត្តក្នុងស្មារតីទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»

សូមជម្រាបថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណី ជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់៕