អភិបាលរងខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋ ២៥០គ្រួសារ នៅឃុំបែកចាន


(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋជាច្រើនភូមិរស់នៅឃុំបែកចាន សរុប២៥០គ្រួសារ បានសម្តែងការសប្បាយរីករាយនៅគ្រាដែលបានទទួលអំណោយ ព្រមទាំងសួរសុខទុក្ខពីសំណាក់ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ព្រមទាំងក្រុមមន្ត្រីរាជការជាច្រើននាក់ផ្សេងទៀត។

ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ដែលដឹកនាំដោយឯកឧត្តម តាំង ម៉េងលាន អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ សាលាស្រុកអង្គស្នួល ក្នុងការបន្តចុះអប់រំ វិធានការទប់ស្កាត់ បង្ការ ជំងឺកូវីដ១៩ កុំឱ្យរីករាលដាលនៅសហគមន៍នៅស្រុកអង្គស្នួលទាំងមូល។

ឯកឧត្តម តាំង ម៉េងលាន ក៏បានធ្វើការអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំឱ្យមានឆ្លងនៅសហគមន៍ គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង ក្រម៉ាជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។

ឯកឧត្តម ក៏បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអាណាព្យាបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ចាំចូលមកស្និត ស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយ ត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ។

សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូននាឱកាសនោះ គឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត និងថវិការបស់ឯកឧត្តម ផ្ទាល់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ សម្រាប់ផ្ដល់ដល់ពលរដ្ឋរងគ្រោះដោយសារ ផលប៉ះពាល់ពីមេរោគកូវីដ។

ប្រជាពលរដ្ឋខ្វះខាតចំនួន ២៥០គ្រួសារ ទទួលបានក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ម៉ាស់ចំនួន ១ដុំ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយៈពេលផងដែរ៕