សម្តេចតេជោ ហ៊ុន សែន ៖ «បងប្អូនប្រជាពលរដ្ឋត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ»


(ភ្នំពេញ)៖ ខណៈដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចតេជោ ហ៊ុន សែន បានសរសេរសារជូនដល់ប្រជាពលរដ្ឋនៅលើហ្វេសប៊ុកផេករបស់សម្តេចផ្ទាល់ នូវឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ។ ដោយសម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បន្ថែមថា បងប្អូនប្រជាពលរដ្ឋត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។

សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕