ស្នងការនគរបាលខេត្តកំពង់ធំ បានផ្តល់កិច្ចសម្ភាសន៍ ស្ដីពី ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែល ត្រូវផ្ដើមនៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២០


(កំពង់ធំ) : នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២០វេលាម៉ោង១០ និង ៥០ នាទី លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានផ្តល់កិច្ចសម្ភាសន៍ ស្ដីពី ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវផ្ដើមនៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ដោយមានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្ដមបានណែនាំ មន្ត្រីជំនាញ ឲ្យយកចិត្តទុកដាក់ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ដោយបានអនុវត្តចុះផ្សព្វផ្សាយអនុក្រិត្យ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី ២១ខែ មីនាឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ ក្នុងរយៈពេលជិត ០១ ខែកន្លង
មកហើយដែរ រួមទាំងបើកវគ្គបំប៉នសមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដល់មន្ត្រីនគរបាលទទួលការចរាចរណ៍ផ្លូវគោក ឲ្យមានការយល់ជ្រាបពី អនុក្រិត្យ ៣៩ អនក្រ.បក និងអាចណែនាំដល់ប្រជាពលរដ្ឋ នៅពេលបំពេញភារកិច្ច ហើយក្នុងនោះនៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២០ ជាថ្ងៃចាប់ផ្ដើមអនុវត្ត និងផាកពិន័យ ទៅលើជនណា ដែលមិនគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងអំឡុងជិត ០១ខែកន្លង ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ដែលបើកបរខុសពីមាត្រា នៃច្បាប់ដោយមន្ត្រីនគរបាលចរាចរណ៍ ពុំបានផាកពិន័យនិងបានអប់រំជាបន្តបន្ទាប់ តែចាប់ពីថ្ងៃស្អែកនេះទៅ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមផាកពិន័យតាមអនុក្រឹត្យ ជាកំណត់ ។

លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ថាដោយថ្នាក់ដឹកនាំបានសង្កេតឃើញកំនើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការបាត់បង់ អាយុ ជីវិត ទ្រព្យសម្បត្តិ ឯកជន និងសាធារណៈ ដូច្នេះហើយ ថ្នាក់ដឹកនាំបានរៀបចំអនុក្រឹត្យ៣៩ អនក្រ.បកនេះឡើងដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ សូមចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុត ពីការផាកពិន័យ ជាពិសេសជៀសផុត សោកនាដកម្ម ដែលកើតឡើងពីគ្រោះ ចរាចរណ៍ផ្លូវគោក ៕