សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន ឲ្យបន្តប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអប់រំដល់ប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩


(ភ្នំពេញ)៖ ក្នុងឱកាស «ទិវាសេរីភាព​សារព័ត៌មានសកលលោក» លើកទី២៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិត ៣ ទំព័រ។ ដំបូង សម្តេច​ បាន​សម្តែងក្តីសោមនស្សរីករាយ​យ៉ាងក្រៃលែង និងចូលរួម​អបអរសាទរ​យ៉ាងកក់ក្តៅជាមួយស្ថាប័ន​សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារ​លើវិស័យ​សារព័ត៌មាន នៅកម្ពុជា និងនៅលើសកលលោក​។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវ​ដល់បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ សូមចូលរួម​ឲ្យ​បានសកម្ម​ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង​នឹងព័ត៌មាន​ក្លែងបន្លំ​តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនង​សង្គមនានា ដោយការផ្សាយព័ត៌មាន​ពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ឲ្យប្រជាពលរដ្ឋ​បានយល់ដឹង​ទាន់សភាពការណ៍ និងសូម​ឲ្យអ្នកសារព័ត៌មាន​ទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង​ផ្សព្វផ្សាយ​ព័ត៌មានអប់រំដល់ប្រជាពលរដ្ឋរបស់យើង ឲ្យបង្កើនការប្រុងប្រយ័ត្ន​ជាប់ជានិច្ច រួមគ្នាបង្ការ​ និងទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយការរស់នៅប្រកបដោយ​អនាម័យល្អ រក្សាគម្លាតសង្គម​ និង​អនុវត្ត​ឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន​តាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាង​ការរស់នៅដោយគ្មានអនាម័យ និងការប្រមូលផ្តុំ​គ្នា ដែលជាប្រភពនៃការចម្លង​ជំងឺ ដែល​បង្កឡើង​ដោយវីរុស​កូរ៉ូណាថ្មី៕