អ្នកនាំពាក្យក្រសួងសុខាភិបាល៖ និស្សិតខ្មែរត្រឡប់ពីអង់គ្លេសរកឃើញវីរុស COVID-19 នៅកូរ៉េ ពេលនេះមានសុខភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកូរ៉េ


លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា និស្សិត្មខ្មែរ ដែលត្រឡប់មកពី ប្រទេសអង់គ្លេស ដែលរកឃើញវីរុស COVID-19 នៅប្រទេសកូរ៉េ នៅពេលនេះមានសុខភាពល្អប្រសើរ ហើយកំពុងសម្រាកព្យាបាលសុខភាព ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រូពេទ្យ របស់កូរ៉េ។

ការបញ្ជាក់បែបនេះ របស់លោកជំទាវ យក់ សម្បត្តិ បានធ្វឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាវិគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ក្រោមអធីបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា ពាក់ព័ន្ធជាមួយនិស្សិតខ្មែរ ដែលត្រឡប់មកពីប្រទេសអង់គ្លេស ដែលមានក្រុមគ្រូពេទ្យកូរ៉េ រកឃើញមានផ្ទុកវីរុស COVID-19 គឺនិស្សិតខ្មែរម្នាក់នេះ បានមកប្រទេសកូរ៉េ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ហើយនិស្សិតខ្មែររូបនេះ បានទៅស្នាក់នៅ និងបន្តការសិក្សានៅក្នុងប្រទេសអង់គ្លេស ប្រហែល ៥ ឬ៦ខែ ក៏ប៉ុន្តែ និស្សិតខ្មែររូបនេះ បានរោគសញ្ញាគ្រុនផ្តាសសាយ រយៈពេលជាង២០ថ្ងៃ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច្នេះ គាត់បានទៅទាក់ទងពេទ្យ នៅទីនោះ ហើយក៏មានការគាំទ្រពីឯកអគ្គរាជរដ្ឋទូតខ្មែរ ប្រចាំនៅប្រទេសអង់គ្លេស ហើយបានមកដល់ប្រទេសកូរ៉េ រៀបចំនឹងឡើងយន្តហោះ ដើម្បីត្រឡប់មកកម្ពុជាវិញ ប៉ុន្តែ ក្រុមគ្រូពេទ្យកូរ៉េ ឃើញនិស្សិតជាជនជាតិខ្មែរ មានរោគសញ្ញាសង្ស័យ ក៏ចាប់ផ្តើមធ្វើតេស្ត អញ្ចឹងអីឡូវក្មួយស្រីបានស្នាក់នៅមន្ទីរពេទ្យ នៅទីក្រុងមួយឆ្ងាយពី ទីក្រុងសេអ៊ូ ប្រហែលជាង១ម៉ោង ម្សិលមិញនាងបានទាក់ទងជាមួយខ្ញុំ ហើយនាងមានសុខភាពធម្មតា ការៈរបស់នាងមិនមានជាអ្វី […] ហើយនាងមានកម្លាំងកំហែងធម្មតា ហើយថ្ងៃនេះខាងមន្ទីរពេទ្យកូរ៉េ នឹងធ្វើតេស្ត ហើយនៅកូរ៉េ គឺឯកឧត្តម ឡង់ ឌីម៉ង ជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េ បានយកចិត្តទុកដាក់ ហើយសួរនាំនាងជាប្រចាំដោយសារ ក្នុងមន្ទីរពេទ្យអាចទំនាក់ទំនងគ្នាបានតាមរយៈ Messenger Facebook បាន ដូច្នេះនាងមានសុខភាព កំពុងតែរងចាំពិនិត្យសុខភាពពីក្រុមគ្រូពេទ្យរបស់កូរ៉េ»

បន្ថែមពីនេះអ្នកនាំពាក្យក្រសួងសុខាភិបាន បានបន្តថា និស្សិតខ្មែរ ដែលរកឃើញមានផ្ទុកវីរុស COVID-19 នេះត្រូវបានការយកចិត្តទុកដាក់ខ្លាំង ពីសំណាក់ទូតខ្មែរ នៅប្រទេសកូរ៉េ ក៏ដូចជាមន្ត្រីក្រសួងសុខាភិបាលកម្ពុជា តាមរយៈការសាកសួរសុខទុក្ខពីអាការៈជំងឺ របស់នាងជាដើម។

បើតាមលោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា ដោយឡែកអ្នកដែលស្នាក់នៅក្នុងអាផាតមិន ជាមួយនិស្សិតស្រី ដែលមានផ្ទុកវីរុស COVID-19 នេះ ត្រូវបានរកឃើញថាមានរោគសញ្ញាផ្តាសសាយ ក៏ប៉ុន្តែ អ្នកទាំងនោះបានធ្វើការទំនាក់ទំនងទៅឯកអគ្គរាជទូតខ្មែរ នៅទីនោះ ដើម្បីតាមដានអាការៈសុខភាពរបស់ពួកគេផងដែរ៕