អភិបាលខេត្តរតនគិរី អំពាវនាវប្រជាពលរដ្ឋ និងកម្មករ ឆ្លៀតដាំដំណាំផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ និងសេដ្ឋកិច្ចគ្រួសារ


(រតនគិរី)៖ អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងកម្មករ កំពុងបម្រើការងារផ្សេងៗក្នុងខេត្ត ឱ្យឆ្លៀតពេលដាំដំណាំផ្សេងៗពេលទំនេរពីការងារ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាព និងរកចំណូលបន្ថែម។

ការអំពាវនាវរបស់លោកអភិបាលខេត្តបានធ្វើឡើង ក្នុងពេលចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យពីវឌ្ឍនភាពការងារនៅក្នុងក្រុមហ៊ុនក្រុងបុក ស្ថិតនៅក្នុងឃុំតាវែងលើ ស្រុកតាវែង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។

ឯកឧត្តម ថង សាវុន បានលើកឡើងថា ដោយសារបរិបទប្រទេសជាតិកំពុងប្រឈមបញ្ហារាតត្បាតនៃមេរោគកូវីដ-១៩ ដូច្នេះឆ្នាំ២០២០នេះ មិនអាចប្រារព្ធទិវាពលកម្មអន្តរជាតិ ដោយរៀបចំមិទ្ទិញជួបជុំគ្នាបាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្នាក់ដឹកនាំខេត្តបានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខនៅតាមការដ្ឋាន ដោយរក្សាបាននូវគំលាតសុវត្ថភាព ដើម្បីបង្ការការចម្លងមេរោគកូវីដ-១៩។

ឯកឧត្តមក៏បានជម្រាបជូនថ្នាក់ដឹកនាំក្រុុមហ៊ុន និងបងប្អូនកម្មករផងដែរអំពីស្ថានការចុងក្រោយនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ ក្នុងនោះរាជរដ្ឋាភិបាលគ្រប់គ្រងបានក្នុងរយៈពេលចុងក្រោយនេះពុំមានការចម្លងថ្មីទៀតនោះទេ ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ២នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានអំពាវនាវដល់កម្មកររក្សាអនាម័យ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ពីព្រោះថាភាគរយចម្លងនៅតែមានអត្រាខ្ពស់នៅឡើយ។

ឯកឧត្តម ថង សាវុន បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានខិតខំ និងផ្តល់ឱកាសការងារជាច្រើនដល់កម្មករ ទោះបីបញ្ហាសកលនៃមេរោគកូវីដ-១៩ បានកើតឡើងក៏ដោយ ប៉ុន្តែនៅតែរក្សាបាននូវការងារ និងបៀវត្សជូនបងប្អូនកម្មករមិនមានការបាត់បង់ឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនជូនដល់បងប្អូនកម្មករនៅតាមខ្នងផ្ទះក្នុងការដ្ឋានដែលក្រុមហ៊ុនបានរៀបចំ។ ក្នុងនោះលោកបានជំរុញណែនាំដល់កម្មករឲ្យឆ្លៀតពេលទំនេរពីការងារខិតខំបង្កបង្កើនផល ដាំដុះបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ជាជាងយកពេលទំនេរទៅធ្វើរឿងឥតប្រយោជន៍ ឬលេងល្បែងភ្នាល់ផ្សេងៗ។

សូមបញ្ជាក់ថា ក្រុមហ៊ុនក្រុងបុក បានវិនិយោគលើវិស័យកសិឧស្សាហកម្មផលិតកម្មកៅស៊ូលើផ្ទៃដីជាង ៦,០០០ហិកតា។ បច្ចុប្បន្នដាំដុះបានជាង ៥ពាន់ហិកតា និងផ្តល់ឱកាសការងារដល់កម្មករ និយោជិត បានជិត ១,០០០នាក់៕