ឯកឧត្តម វេង សាខុន ទទួលជួប លោកស្រី Ninel Ulloa Maureira


កាលពីវេលាម៉ោង ៥រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោកស្រី Ninel Ulloa Maureira នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាទៅសមិទ្ធិលទ្ធភាពសិក្សានៃគម្រោងអភិវឌ្ឍន៏ដំណាំកៅស៊ូខ្នាតតូច គម្រោងអភិវឌ្ឍន៏ប្រព័ន្ធធារាសាស្រ្ត និងការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៏ខ្សែសង្វាក់ផលិតកម្មកសិកម្ម។

លោកស្រី Ninel Ulloa Maureira បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតអោយលោកស្រី និងគណប្រតិភូបានចូលជួបពិភាក្សាការងារ។ លោកស្រី បានមានប្រសាសថា ភ្នាក់ងារអភិវឌ្ឍន៏បារាំងមានបំណង សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអភិវឌ្ឍន៏ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា អោយកាន់តែមានប្រសិទ្ធភាព តាមរយៈការពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។ លោកស្រីបានបន្ថែមថា ភ្នាក់ងារអភិវឌ្ឍន៏បារាំង កំពុងពិចារណាលើការរៀបចំគម្រោងអនុវត្តកសិកម្មឆ្លាតវៃ ដែលមានភាពភាតរបរិស្ថាន។ ចំពោះគម្រោងអភិវឌ្ឍន៏ដំណាំកៅស៊ូខ្នាតតូច ត្រូវអនុវត្តលើខេត្តចំនួន២ គឺខេត្តរតនគីរី (ស្រុកអូយ៉ាដាវ ស្រុកបរកែវ និងស្រុកអូរជុំ) ចំនួន ៥០០០ហិកតា និងខេត្តបាត់ដំបង (ស្រុកសំឡូត និងស្រុកភ្នំព្រឹក) ចំនួន ១០០០ហិកតា ហើយគម្រោងនេះនឹងអាចធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅតាមជនបទ និងកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះការគាំទ្រកន្លងមករបស់ភា្នក់ងារអភិវឌ្ឍន៏បារាំង និងស្វាគមន៏ចំពោះគម្រោងនៅពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយភ្នាក់ងារអភិវឌ្ឍន៏បារាំងរៀបចំគម្រោងអភិវឌ្ឍន៏ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ដោយមានការផ្សារភ្ជាប់ទៅនឹងស្ថានភាពនៃប្រភេទដំណាំនីមួយៗ ដើម្បីជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មកសិកម្មរបស់ប្រជាកសិករ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយបញ្ជូលការអនុវត្តផលិតកម្មតាមកិច្ចសន្យា នៅក្នុងគម្រោងផងដែរ ដើម្បីធានាទីផ្សារកសិផលរបស់ប្រជាកសិករ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយភ្នាក់ងារអភិវឌ្ឍន៏បារាំងធ្វើការបញ្ជូល ការប្រមូលព័ត៌មាន និងការគ្រប់គ្រងទីផ្សារកសិកម្ម ដើម្បីសម្រួលដល់កសិករក្នុងការព្យាករណ៏ ទំហំ និងប្រភេទនៃការដាំដុះអោយបានជាក់លាក់ស្របទៅតាមតំរូវការជាក់ស្តែង។