ក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងជាច្រើនទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យាតាមអនឡាញដើម្បីផ្តល់សេវាសាធារណៈ


ថ្ងៃចន្ទ​ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. ដែលដឹកនាំដោយលោក YAO Yuya នាយកប្រតិបត្តិក្រុមហ៊ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារជង្ហុកសំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវប្រកបដោយសុវត្ថិភាព ការប្រើ ប្រាស់ជញ្ជីងថ្លឹងរថយន្តដោយស្វ័យប្រវត្តិបង្កប់នៅក្នុងដី (Weighs in motion) និងកាំមេរ៉ាចាប់ល្បឿន រថយន្តសំដៅធានាកុំឱ្យមានរថយន្តដឹកទំនិញលើសកម្រិតកំណត់។

ជាមួយគ្នានេះផងដែរ លោក YAO Yuya បានសម្តែងនូវចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងជា ច្រើននៅកម្ពុជា ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាតាមអនឡាញដើម្បីផ្តល់សេវាសាធារណៈ តាមរយៈបទបង្ហាញរបស់ខ្លួនដែលលើកឡើងអំពីសមិទ្ធផលសម្រេចបានសំខាន់ៗរបស់ក្រុមហ៊ុនដែល បានធ្វើប្រតិបត្តិការនៅប្រទេសចិន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យលោក YAO Yuya ចូលរួមសហការជាមួយនាយកដ្ឋានព័ត៌មាន វិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដើម្បីស្វែងយល់វិស័យសំខាន់ៗដែលក្រុមហ៊ុនHUAWEI អាចផ្តល់ការគាំទ្រឯកទេសបាន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មាន វិទ្យានៃបដិវត្តឧស្សាហកម្មជំនាន់ ៤.០ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត កម្មវិធីថែទាំផ្លូវROAD CARE Mobile App ជាដើម។

ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវផងដែរ អំពីការត្រៀមដាក់ឲ្យប្រើប្រាស់ឧបករណ៍ តាមដានល្បឿនបើកបររបស់អ្នកបើកបរ និងតម្រាយផ្លូវធ្វើដំណើរ ប្រមាណ១២០គ្រឿងរបស់ក្រុមហ៊ុន Baidu ដែលអាចបំពាក់នៅតាមរថយន្តដឹកទំនិញធំៗ តាមរយៈក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចណ៍។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីគម្រោងប្រើប្រាស់Block Chainរបស់ ក្រសួង ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការបំពេញការងារ និងក្លាយជាក្រសួងឈានមុខគេក្នុងការ ប្រើប្រាស់ក្រដាសស្នាមតិចតូច(Paperless) ដើម្បីពន្លឿនលំហូរការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕