ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិឆ្នាំ២០១៧នៅកម្ពុជា


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំធុរកិច្ចអន្តរជាតិឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអន្តរជាតិ (IBC) ក្រោមប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ាន និងថាមពល” ដោយមានការចូលរួមពីមេដឹកនាំឧស្សាហកម្មសំខាន់ៗក្នុងវិស័យឯកជន។
កិច្ចប្រជុំនេះរៀបចំឡើងមានគោលបំណង ផ្ដល់ព័ត៌មានពាក់ព័ន្ធនាពេលបច្ចុប្បន្ន ដើម្បីជួយដល់អ្នកវិនិយោគក្នុងការឈានជើងចូលទីផ្សារ និងការពង្រីកអាជីវកម្មនៅកម្ពុជា។ ព្រឹត្តិការណ៍នេះបាននាំមកនូវវាគ្មិន និងអ្នកសម្របសម្រួលប្រមាណ៤០រូប ដែលអញ្ជើញមកពីវិស័យធុរកិច្ច រដ្ឋាភិបាល និងស្ថាប័នអភិវឌ្ឍន៍នៅក្នុងតំបន់ ដោយផ្តោតការពិភាក្សាជាសំខាន់លើក្របខណ្ឌច្បាប់ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងការគាំទ្រ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនអ្នកចូលរួម អំពីបណ្តាញផ្លូវថ្នល់កម្ពុជា គម្រោងសាងសង់ផ្លូវល្បឿនលឿន ការសាងសង់ផ្លូវក្រវាត់ក្រុង ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ ការធ្វើឱ្យប្រសើរឡើងផ្លូវរត់នៃព្រលានយន្តហោះក្រុងព្រះសីហនុដើម្បីទទួលកំណើនផ្ញៀវទេសចរណ៍ ការដាក់ឱ្យដំណើរការសេវារថភ្លើងដឹក អ្នកដំណើរបច្ចុប្បន្នពីរាជធានីភ្នំពេញ ទៅមកពីក្រុងព្រះសីហនុ ការធ្វើឱ្យប្រសើរឡើងខ្សែរថភ្លើងនៅភាគខាងជើងប្រទេស គម្រោងតភ្ជាប់អាស៊ានដែលទាក់ទងទៅនឹងផ្លូវដែកសិង្ហបុរី-គុនមីង និងស្ថានភាពនៃការសិក្សាពីលទ្ធភាពផ្តល់សេវារថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅព្រលានយន្តហោះ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ក្រសួងនឹងផ្តោតអាទិភាពលើការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹកនៅតាមបណ្តោយទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅឆ្នាំ២០១៧នេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានជម្រាបជូនផងដែរអំពី ការដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម វិស័យដឹកជញ្ជូន ដើម្បីបម្រើប្រជាពលរដ្ឋបានល្អប្រសើរ ការបង្កើតក្រុមប្រឹក្សាភ័ស្តុភារកម្មជាតិ ដើម្បីកំណត់និងកាត់បន្ថយការ ចំណាយលើការដឹកជញ្ជូន ការចូលជាសមាជិករបស់កម្ពុជា ក្នុងកម្មវិធីហិរញ្ញប្បទាន Blended Finance វឌ្ឍនភាពនៃការងារត្រៀមរៀបចំ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានដែលកម្ពុជាគ្រោង ធ្វើជាម្ចាស់ផ្ទះនៅក្នុងទី១០ ១១ និង១២ ខែ ឧសភា ឆ្នាំ២០១៧។
នៅចុងបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឱ្យពាណិជ្ជករដែលបានចូលរួមពិចារណាឱកាសនៃការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។