ឯកឧត្តមរដ្ឋមន្រ្តី វង សូត៖ បងប្អូនជនមានពិការភាព ថែរក្សាសុខភាព និងធ្វើអនាម័យឲ្យបានទៀងទាត់ និងការពារខ្លួនជាប់ជានិច្ច


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំពាវនាវដល់បងប្អូនជនមានពិការភាពទាំងអស់ ចូលរួមក្សាសុខភាព និងធ្វើអនាម័យឲ្យបានទៀងទាត់ និងការពារខ្លួនជាប់ជានិច្ច ដើម្បីការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា បើទោះបីជាសម្ភារទាំងនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ជនមានពិការភាពទូទាំងប្រទេសក្តី ប៉ុន្តែក៏អាចរំលែកទុក្ខលំបាកមួយគ្រា ក្នុងពេលមាន អាសន្ននេះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានលើកឡើងនៅក្នុងពិធី «ប្រគល់-ទទួលសំភារការពារការចម្លងជំងឺកូវីដ-១៩» ដែលមានការចូលរួមពីមន្រ្តីក្រសួង និងស្ថាប័ន ដៃគូ ពាក់ពន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

សម្ភារការពារជំងឺកូវីដ១៩ គិតជាទឹកប្រាក់សរុបចំនួនជាង២ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS ដើម្បីចែកជូលដល់មន្ត្រីមានពិការភាព នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មជ្ឈមណ្ឌលបុរីទារក និងកុមារជាតិ សមាគមន៍ តន្ត្រីជនពិការ គណៈកម្មាធិការស្ប៉េស្យាលអូឡាំពិច អង្គការផ្ទះក្រវ៉ាន់ សាលាអប់រំពិសេសភ្នំពេញថ្មី អង្គការ PHACHID អង្គការ HHC អង្គការ DDP និងសមាគមន៍សំនៀងតន្ត្រីជនពិការ។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណ ដល់ឯកអគ្គរាជទូតនៃរដ្ឋាភិបាលអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី ACCESS បានជួយឧបត្ថម្ភសំភារការពារការចម្លងជំងឺកូវីដ-១៩ ជូនជនមានពិការភាព ក្នុងការទប់ស្កាត់ជំងឺកាចសហាវនេះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានបន្ថែមថា បើទោះបីជាប្រទេសកម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ-១៩ រយៈពេលជាង១ខែមកនេះក្តី តែបងប្អូនទាំងអស់គ្នា មិនគួរធ្វេសប្រហែលឡើយ ហើយត្រូវបន្តការប្រុងប្រយ័ត្ន និងអនាម័យខ្លួន ឲ្យបានគ្រប់ពេលវេលា៕