នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម រួមនិងលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យ ការងារជួសជុលខួបប្រព័ន្ធធារាសាស្រ្ត ៣០កញ្ញា មានទីតាំងស្ថិតនៅក្នុងឃុំសានគរ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ប្រព័ន្ធធារាសាស្រ្ត ៣០កញ្ញា លាតសន្ធឹងតាមអាងទឹកស្ទឹងស្ទោង យកប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងប្រភពទឹកតាំងពីខេត្តព្រះវិហារ ។ ដោយនៅឆ្នាំកន្លងមកប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា បានទទួលរងនូវការខូចខាតយ៉ាងខ្លាំង ដោយសារទឹកជំនន់ ធ្វើឲ្យប្រឡាយបេតុង ទាំង៣ខ្សែ មានការខូចខាត តម្រូវមានការជួសជុលខួប ក្នុងទំហំការងាររួមមានដូចខាងក្រោម ៖
– ជួសជុលទំនប់ដី១ខ្សែប្រវែង ១៤.៣១៦ម៉ែត្រ
– ជួសជុលប្រឡាយបេតុង ៣ខ្សែ ប្រវែង ៤៦.០០០ម៉ែត្រ
– ជួសជុលសំណង់យកទឹកចំនួន ០៣កន្លែង លើទំនប់
– ជួសជុលសំណង់ចែកចាយទឹកលូមូលចំនួន ៣០កន្លែង
– ជួសជុលសំណង់ចែកចាយទឹកលូជ្រុង ចំនួន ១២កន្លែង
– ជួសជុលសំណង់ស្ទាក់ទឹក ចំនួន២២កន្លែង
– ជួសជុលសំណង់ស្ពានធារាសាស្ត្រ(បេតុង) ២០កន្លែង
– ជួសជុលសំណង់ចុងប្រឡាយបេតុង ចំនួន ០៣កន្លែង
– សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ២សន្លឹក) ចំនួន០២កន្លែង
សូមបញ្ជាក់ថាប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា ផ្តល់ផលប្រយោជន៍ចំនួន ៣ស្រុក គឺ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបាល័្លង្គ និងស្រុកស្ទោង ព្រមទាំងឃុំចំនួន១១ ៕
មន្ត្រីបច្ចេកទេស ចុះពិនិត្យ ការងារជួសជុលខួបប្រព័ន្ធធារាសាស្រ្ត ៣០កញ្ញា
