ក្រុមការងារព្រៃឈើ បាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្


ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់មកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។ ដើមឈើទាំងនោះរួមមាន ដើមស្ពង់១ដើម ដុះកោងទ្រេតខ្លាំងនៅលើកំពែងប្រាសាទ ត្រូវកាត់ពាក់កណ្តាលដើមចេញ គល់ស្ពង់ពុកផុយចំនួន៤កន្លែង ដើមក្រឡាញ់១ដើម ដើមពភ្លា១ដើម និងដើមស្ពង់តូច១ដើម ដែលដុះនៅលើកំពែងប្រាសាទក៏ត្រូវកាត់យកចេញ។ ជាមួយគ្នានោះក្រុមការងារនឹងធ្វើការកាត់ក្រី ដើមឈើចំនួន៥ដើម ដែលមានមែកចំនួន៩ត្រូវយកចេញ ក្នុងនោះមានដើមស្ពង់ ចំបក់ ត្រាង ត្រសេក និងពភ្លាប្រើស។

ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែង ប្រាសាទ នៅពេលដែលដើមរបស់វាដុះលូតលាស់កាន់តែធំទៅៗ និងរួមចំណែកក្នុងការធានាដល់សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាប្រាសាទនេះផង។ ការងារនេះអាចនឹងប្រើរយៈពេលយូរ ព្រោះត្រូវប្រើរន្ទារ ដើម្បីតម្លើងកាត់ដោយសារដើមខ្លះមានកំពស់ខ្ពស់ និងដុះកៀកនឹងប្រាសាទ។