រដ្ឋមន្រ្តីយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអាមេរិក សម្តែងការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត


ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើយោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌។

ការកោតសរសើរ និងថ្លែងអំណរគុណនេះ បានបង្ហាញឡើងនៅក្នុងឱកាសដែលឯកឧត្តម កើត រិទ្ធ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបលោក Patrick Murphy និងមន្ត្រីស្ថានទូត ដើម្បីទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ «ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយបន្ថែមទៀត ដោយផ្តោតលើការអនុវត្តច្បាប់ និងការអភិវឌ្ឍធនធានមនុស្ស»

នៅក្នុងកិច្ចពិភាក្សានេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងឆាប់រហ័សរបស់ក្រសួងយុត្តិធម៌កន្លងមក ក្នុងការអនុវត្តច្បាប់ ជាពិសេសកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបត្យាប័ន ការការពារកុមារ ការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធប្រល័យលោក និងដំណើរការនៃកិច្ចស៊ើបអង្កេតលើករណីមួយចំនួន៕