សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ បានលេចចេញជារូបរាងហើយ


ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមជំនួយការរៀបចំសេចក្តីព្រាងច្បាប់ (Ad-hoc) និងក្រុមជំនួយការលេខាធិការរបស់ក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ ដោយមានការចូលរួមពីថ្នាក់ក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើការប្រកាសសុពលភាពសេចក្តីសម្រេចលេខ០២៧ សសរ.សក បង្កើតក្រុមការងារអន្តរក្រសួង និងប្រកាសលេខ១៧៤ ប្រក.សក ស្តីពីការបង្កើតក្រុមជំនួយការរៀបចំសេចក្តីព្រាងច្បាប់ Ad-hoc ដើម្បីពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ឋលូបង្ហូរ សាវតានៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ឋលូ ខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ឋលូ។

ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងអំពីលទ្ធផលការងារសំខាន់ៗសម្រេចបាន ដែលក្នុងនោះរួមមាន៖ សេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យពិភាក្សានិងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ អនុក្រឹត្យ និងរចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំការងារគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារសំខាន់នៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ ដែលនឹងជួយធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈនិងការអភិរក្សជីវចម្រុះ នៅពេលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនាពេលខាងមុខ។

គួរកត់សម្គាល់ផងដែរថា ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សា និងអនុវត្តគម្រោងផ្សេងៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារក្រសួង និងជំនាញការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរនេះឱ្យលេចចេញជារូបរាងឡើង ៕