លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Valeriu Arteni ភារៈធារីនៃស្ថានទូតសាធារណរដ្ឋរ៉ូម៉ានី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចប្រជុំពិភាក្សាការងារនេះ បានផ្តោតសម្អិតទៅលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងរ៉ូម៉ានី។ យោងតាមស្ថិតិពាណិជ្ជកម្ម បានបង្ហាញថានាពេលបច្ចុប្បន្ន កម្ពុជា បាននាំចេញអង្ករ ម្រេច សម្លៀកបំពាក់និងវាយនភ័ណ្ឌ គ្រឿងតំណកែង តំណផ្សេងទៀតធ្វើពីដែក ស្បែកជើង និងកង់ ទៅកាន់ប្រទេសរូម៉ានី ដែលគិតជាទំហំប្រហែលជា៦លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចូលចម្បងរបស់រ៉ូម៉ានីមកកាន់កម្ពុជា មានទំហំប្រហែលតិចជាង១លានដុល្លាសហរដ្ឋអាមេរិក។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ ដូច្នេះហើយ លោកជំទាវ តឹករ៉េត កំរង បានលើកទឹកចិត្តឲ្យប្រទេសទាំងពីរធ្វើការសហការ និងស្វែងរកយន្តការនិងមធ្យោបាយនានា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកជំទាវ ក៏បានជំរុញឲ្យសាធារណរដ្ឋរ៉ួម៉ានី នាំចូលទំនិញជាច្រើនមុខពីកម្ពុជា ជាពិសេសផលិតផលកសិកម្ម រួមមាន៖ អង្ករនិងម្រេច ហើយលោកជំទាវ ក៏សូមស្វាគមន៍សម្រាប់វិនិយោគិនរ៉ូម៉ានីមកម្ពុជាផងដែរ។
ឯកឧត្តម Valeriu បានគូសបញ្ជាក់ថា សាធារណរដ្ឋរ៉ូម៉ានីមានសក្កានុពល លើវិស័យប្រេង និងឧស្ម័ន ហើយ ឯកឧត្តម ក៏បានបង្ហាញពីជំហររបស់រ៉ូម៉ានី ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់វគ្គសិក្សាក្រោយឧត្តមសិក្សាជំនាញប្រេងនិងឧស្ម័ន នៅប្រទេសរ៉ូម៉ានី។ ឯកឧត្តម ក៏បានលើកឡើងថានឹងរៀបចំការតាំងពិព័រណ៍អន្ដរជាតិរបស់រ៉ូម៉ានី លើវិស័យទេសចរណ៍ និងទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ នៅពេលវេលាឆាប់ៗនាពេលខាងមុខនេះ។ ឯកឧត្តម នឹងអញ្ជើញវិស័យឯកជន កម្ពុជាលើវិស័យទេសចរណ៍ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នោះ ហើយនឹងរៀបចំការផ្គូរផ្គងអាជីវកម្មរវាងប្រទេសទាំងពីរ។