អភិបាលខេត្តពោធិ៍សាត់ ចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយជោគជ័យ


នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម  ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយជោគជ័យ លើករណី​បើកច្រកចេញចូលមួយកន្លែង ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ១២គ្រួសារ ដែលមានទំហំ ១,៥ម៉ែត្រ គុណ២៥,៣០​ម៉ែត្រ មានទីតាំងស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឯកឧត្តម បានជំរាបទៅដល់ប្រជាពលរដ្ឋទាំង១២គ្រួសារ និងម្ចាស់ដីដែលរងការប៉ះពាល់ នៃការបើកច្រកចេញ​ចូលនោះ ឲ្យដឹងថា លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណង​មិត្តភាព ជាពិសេសអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត មិនអាចកាត់ដាច់បានទេ នៅពេលណាដែលយើង​មានបញ្ហាអ្វីយើងអាចជួយគ្នាបាន

សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យម្ចាស់ដីដែលរងការប៉ះពាល់ ពេញចិត្តទទួលថវិកាមួយចំនួន ពីឯកឧត្តម​ក្នុងនាម​ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបានបើកច្រកចេញចូល ដែលមានទំហំ ១,៥ម៉ែត្រ គុណ២៥,៣០ម៉ែត្រ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានោះ តំណាងប្រជាពលរដ្ឋទាំង​១២គ្រួសារ និងម្ចាស់ដីដែលរងការប៉ះពាល់ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ម៉ៅ ធនិន ដែលមានចំណាត់ការល្អ ក្នុងការដោះស្រាយបើកច្រក សម្រាប់ឲ្យប្រជាពលរដ្ឋចេញចូលបានស្រួល ហើយនេះជាទង្វើ​ដ៏ល្អប្រពៃ ដែលខេត្តពោធិ៍សាត់ មានថ្នាក់ដឹកនាំម្នាក់ ធ្វើឲ្យពួកគេទាំងអស់គ្នា កាន់តែមានទំនុកចិត្តគោរពស្រលាញ់។