កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាំយកអំណោយមនុស្ស ធម៌ជូនប្រជាពលរដ្ឋក្រីក្រជួបទុកលំបាកចំនួន៣០គ្រួសារ ក្នុងស្រុកអណ្តូងមាស


នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ជនងាយរងគ្រោះចាស់ជរា និងមានជីវភាពក្រីក្រជួបទុកលំបាក ចំនួន៣០
គ្រួសារ ក្នុងឃុំចំនួន២គឺឃុំតាឡាវ១៥គ្រួសារ​ និងឃុំម៉ាលិក
១៥គ្រួសារ​ ក្នុងស្រុកអណ្តូងមាស ត្រូវបានឯកឧត្តម ថង សាវុនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួម​ និងសមាជិកសមាជិការសាខា អញ្ជើញចុះសំណេះសំណាល បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនដើម្បីសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួក
គាត់។​

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម​ ថង​ សាវុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយដោយ សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់មកលើបងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជានិច្ច។​

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលចំពោះជម្ងឺកូវីដ១៩​ ទោះបីពុំទាន់មានការឆ្លងចូលក្នុងសហគមន៍ ដោយត្រូវចូលរួមអនុវត្តវិធានការ​ ការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈការលាងដៃឲ្យបានញឹកញាប់​ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

អំណោយរបស់សាខាផ្តល់ជូនក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ២៥kg មី​ ១​កេសតូច ត្រីខ ១យួរ ឃីត(មុង ភួយ សារុង ក្រម៉ា)១កញ្ចប់ ទឹកត្រី​ ១យួរ ទឹកស៊ីអុីវ​ ១យួរ និងថវិកាមួយចំនួនទៀតផងដែរ៕