មន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី៣នាក់និងមន្រ្តីយកព័ត៌មាននៃមន្ទីរព័ត៌មាន១នាក់ ដែលជួបឧបទេវហេតុក្រឡាប់រថយន្តខណៈចុះបំពេញបេសកម្មមនុស្សធម៌ទទួលបានយកចិត្តទុកដាក់ឯកឧត្តមថង សាវុន ប្រធានគណៈកម្មាធិការសាខា


(រតនគីរី)៖ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីអមដំណើដោយសមាជិកសមាជិការនៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២០បានអញ្ជើញសួសុខ
ទុក្ខនិងនាំយកថវិកាសាខានិងថវិកាសប្បុរសជនមួយចំនួនជូនមន្រ្តីសាខានិងមន្រ្តីយកព័ត៌មាននៃមន្ទីរព័ត៌មាន១នាក់ ដែលជួបឧបទេវហេតុក្រឡាប់រថយន្ត ខណៈចុះបំពេញការងារ
មនុស្សធម៌ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។​

ក្នុងឱកាសចុះសួសុខទុក្ខនេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានសម្តែងនូវសមាណចិត្តសោកស្តាយ ចំពោះឧបទេវហេតុដែលបណ្តាលអោយមន្រ្តីកិច្ចការមនុស្សធម៌ របស់សាខាកាកបាទក្រហមទទួលរងរបួសធ្ងន់៣នាក់និងមន្រ្តីមន្ទីរព័ត៌មាន១នាក់រងរបួសស្រាល។​ឯកឧត្តមប្រធានជូនពរអោយមន្រ្តីសាខាទាំង
៣នាក់សូមបានឆាប់ជាសះស្បើយមានកម្លាំងពលាំង ដើម្បីបានបម្រើការងារជូនអង្គភាពវិញ។​

ដើម្បីចូលរួមសម្រួលជីវភាពគ្រួសារ ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺរបស់មន្រ្តីសាខាទាំង៣រូប ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានផ្តល់ថវិការរបស់សាខា និងថវិកាផ្ទាល់ របស់ឯកឧត្តម,ថវិកាស.ស.យ.ក និងការចូលរួមវិភាគទាន ពីសមាជិកសមាជិការសាខានិងសប្បុរស់មួយចំនួនទៀត ជូនមន្រ្តីសាខាទាំង៣ដែលរងរបួសធ្ងន់ដោយក្នុងម្នាក់ៗទទួលបាន ១.៤៥០.០០០រៀល។ ដោយឡែកមន្រ្តីយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្ត១នាក់រងរបួសស្រាលទទួលបាន ៩៥០.០០០ រៀលផងដែរ។​

សូមរំលឹកថា ឧបទេវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីកើតឡើងនៅវេលាម៉ោង៧,៣០ព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០កលើណាត់ផ្លូវក្នុងភូមិសាស្រ្តឃុុំកិចុងស្រុកបរកែវខណៈដែលរថយន្តបានដឹកសម្ភារៈ មនុស្សធម៌ជាគ្រឿងឧបភោគបរិភោគយកទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៣០គ្រួសារ នៅស្រុកអណ្តូងមាស។ តែចៃដន្យរយន្តបានបែកកង់ក្រោយរួចក៏ក្រឡាប់តែម្តង បណ្តាលអោយមន្ត្រីសាខា៣នាក់រងរបួសធ្ងន់និងមន្រ្តីយកព័ត៌មាននៃមន្ទីរ​ព័ត៌មាន១នាក់រងរបួសស្រាល៕