ផ្លូវចាក់បេតុងអាម៉េមួយខ្សែ ពីចំណុចក្លោងទ្វារវត្តស្វាយជ្រំ ដល់វត្តស្វាយជ្រំ នឹងលេចរូបរាងនាពេលឆាប់ៗនេះ ក្រោមការដឹកនាំរបស់ លោក ហែម សារិទ្ធ អភិបាល  ស្រុកស្វាយជ្រំ


ស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ហែម សារិទ្ធ អភិបាល នៃគណៈអភិបាល ស្រុកស្វាយជ្រំ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសិក្សាគម្រោងផ្លូវចាក់បេតុងអាម៉េ ទទឹង៦ម៉ែត្រ បណ្ដោយ២.០០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ១ ចាប់ពីចំណុចក្លោងទ្វារវត្តស្វាយជ្រំ ដល់វត្តស្វាយជ្រំ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ការរៀបស្ថាបនាផ្លូវមួយខ្សែនេះ នឹងធ្វើអោយមានការអភិវឌ្ឍន៍នៅក្នុងតំបន់ កាន់តែរីកចម្រើនថែមមួយកម្រិតទៀត ទាំងនេះគឺជាការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំស្រុក ដែលមានលោក ហែម សារិទ្ធ ជា អភិបាល នៃគណៈអភិបាល ស្រុកស្វាយជ្រំ ។ ហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែង ក្នុងការបម្រើប្រជាពលរដ្ឋ និងឆ្លើយតបបំណងដ៏ពិសិដ្ឋ របស់ពលរដ្ឋ។

លោក ហែម សារិទ្ធ បានមានប្រសាសន៍ថា ការកែប្រែស្ថាបនាផ្លូវមួយខ្សែនេះ ជាប្រភេទបេតុងអាម៉េ ព្រោះផ្លូវនេះមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រើន ជាពិសេសបងប្អូនកម្មករ កម្មការីនីរោងចក្រ និងបងប្អូនកសិករ ដែលដឹកកសិផល ស្រូវ បន្លែ ទៅលក់នៅទីផ្សារផងដែរ។

លោកអភិបាលស្រុកវ័យក្មេងរូបនេះបានបន្តទៀតថា ដើម្បីអោយការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងឆាប់រហ័ស យើងគួរតែយកចិត្តទុកដាក់ខ្ពស់ទៅលើការធ្វើដំណើរ ហេតុនេះសមិទ្ធផលថ្មី នឹងត្រូវមានវត្តមាននៅក្នុងទឹកដីឃុំស្វាយជ្រំ ឆាប់ៗនេះ។

លោកអភិបាលស្រុក ក៏បានសំណូមពរដល់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសអ្នកដែលរស់នៅជាប់ នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយោគយល់អធ្យាស្រ័យចំពោះផល ប៉ះពាល់តិចតួច ដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍ ជូ នលោកមេឃុំ និងមន្ត្រីជំនាញ ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បីបម្រើប្រយោជន៍ ដល់បងប្អូន ដែលជាអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។

ជាចុងក្រោយលោកអភិបាល សូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ដោយការលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ អោយបានញឹកញាប់ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃវីរុសកូវីដ-១៩ និងត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច៕