ពិធីផ្សព្វផ្សាយការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រ ខេត្ត ឆ្នាំ២០២០


(សៀមរាប)៖ ព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំរបស់មន្ទីរផែនការ ឯកឧត្តម កុយ សង សមជិកក្រុមប្រឹក្សាខេត្តនិង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្តអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុ វិស័យ និងអត្រាភាពក្រីក្រ ខេត្ត ក្រុង ស្រុក ឆ្នាំ២០២០ នឹងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រី តំណាងអង្គការជាតិ-អន្តរជាតិទាំងអស់។

បន្ទាប់ពីលោក ហាស់ សុធារ៉ា ប្រធានមន្ទីរផែនការបានធ្វើសេចក្តីរាយការណ៍សង្ខេបរួចមក លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ ដើម្បីឱ្យលោក លោកស្រី បានយល់ដឹងអំពីសារៈប្រយោជន៍ ចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែកអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងសម្រាប់បម្រើឲ្យការងារកសាងផែនការនៅថ្នាក់ក្រោមជាតិ ជាពិសេសការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ឃុំ សង្កាត់ សម្រាប់ជាជំនួយដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការដឹកនាំការពិភាក្សាកំណត់រកបញ្ហា តម្រូវការ នៅមូលដ្ឋានភូមិឃុំ សង្កាត់ ក្នុងការផ្តល់សេវាផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង កំណត់ភូមិអាទិភាពសម្រាប់ធ្វើការអភិវឌ្ឍន៍ ក៏ដូចជាជួយដល់បណ្តាមន្ទីរ-អង្គភាពជំនាញ អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធនានា សម្រាប់កំណត់ តំបន់គោលដៅ ដើម្បីផ្តល់សេវាសាធារណៈផ្សេងៗដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត បានណែនាំបន្ថែមដល់អភិបាលក្រុង ស្រុក ឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់និងស្រង់យកស្ថិតិរបស់ប្រជាជនក្រ១ ក្រ២ ជាពិសេសក្រក្នុងអំឡុងពេលជំងឺកូវិដ១៩ បានរាតត្បាត អោយបានច្បាស់លាស់ និងសុក្រឹត ដើម្បីយើងទទួលបានទិន្នន័យច្បាស់លាស់។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមដល់ក្រុង ស្រុក និងឃុំ សង្កាត់យើងត្រូវបន្តផ្សព្វផ្សាយ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩បន្តទៀត ទោះបីជាប្រទេសយើងមានភាពថមថយក៏ដោយ យើងត្រូវការពារកុំឱ្យរលកទី២បន្តទៀត៕