ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងសមាជិកកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក ក្នុងខេត្តកណ្តាល


(កណ្តាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រកាសទទួលស្គាល់ប្រធានកិតិ្តយស និងសមាជិកកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកណ្តាល និងក្រុង ស្រុក និងចែកអំណោយជូនអតីតយុទ្ធជន ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពិធីនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅភូមិ ស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ អភិបាលខេត្ត ថ្នាក់ដឹកនាំសមាគមខេត្ត ក្រុង ស្រុក សាខាឃុំ សង្កាត់ និងអតីត យុទ្ធជនជាសមាជិកសមាគម ក្នុងស្រុកកៀនស្វាយ ចំនួន១០០ គ្រួសារ។

យោងតាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើការប្រកាសទទួលស្គាល់ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្ត ជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានកិត្តិយសសមាគមខេត្ត និង ទទួលស្គាល់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ជាអនុប្រធានសមាគមខេត្តកណ្តាល ព្រមទាំងទទួលស្គាល់ ប្រធានកិត្តិយស ក្រុង ស្រុកចំនួន ១១រូប។

ឯកឧត្តម គង់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើង អំពីគុណបំណាច់របស់អតីតយុទ្ធជន ដែលបានចូលរួមចំណែក ក្នុងការការពារសន្តិភាព និងចូលរួមក្នុងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើការប្តេជ្ញាចិត្ត ខិតខំបំពេញតួនាទីភារកិច្ច ចុះជួយជានិច្ច ចំពោះគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្ត ដែលមានជីវភាពលំបាក ឬជួបនូវហេតុការណ៍ផ្សេងៗ និងចុះស្រាវជ្រាវបន្តទៀត ដើម្បីសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលនៅក្នុងរយៈពេល១ ឆ្នាំ២០១៩កន្លងមកនេះ បានជំរុញសកម្មភាពសមាគម មានដំណើរការវិវត្តន៍ គួរឲ្យកត់សម្គាល់។ ក្នុងនោះកិច្ចសហការ ដឹកនាំសមាសភាពចម្រុះ កិច្ចពង្រឹង អង្គការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំដល់ភូមិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពិសេស ស្រុក ក្រុង ឃុំ សង្កាត់ នៅពេលបងប្អូនណាម្នាក់មរណភាព ត្រូវរៀបចំក្រុមការងារចម្រុះដោយចលនាបងប្អូនអតីតយុទ្ធជនក្នុងឃុំ មកចូលរួមចាត់ចែងពិធីបុណ្យសព និងរៀបចំកម្មវិធីគោរពវិញ្ញាណក្ខ័ន្ធមានអានវិយោគកថា អានលិខិតចូលរួមមរណទុក្ខ របស់ខេត្ត ស្រុក និងសមាគម ជាការផ្តល់កិត្តិយសឲ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេង របស់វីរៈយុទ្ធជន។

តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អតីតយុទ្ធជនបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តយកដាក់ និងគិតគូរជានិច្ច ដល់សុខទុក្ខ អតីតយុទ្ធជន៕