ទស្សនៈមិត្តអ្នកអាន៖ ឧទ្ទាមក្រៅច្បាប់លេងល្បែងឈឺសាច់ដោយឲ្យពលរដ្ឋរងគ្រោះជំនួសខ្លួន


អំឡុងពេលផ្ទុះឡើងជំងឺកូវីដ-១៩ មុនដំបូងនៅចុងឆ្នាំ២០១៩ និងបានឆ្លងចូលមកប្រទេសកម្ពុជាកាលពីចុងខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរទុកជាស្រេចនូវសេណារីយោជាច្រើន ដើម្បីជាវិធានការទប់ស្កាត់ជំងឺនេះ កុំឲ្យកើតមាននៅក្នុងសហគមន៍ និងក៏ត្រៀមផងដែរផែនការសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ជាតិ ក្នុងករណីជំងឺនេះកើតមាននៅកម្ពុជា ហើយបន្តអូសបន្លាយក្នុងរយៈពេលណាមួយ ខណៈពិភពលោកទាំងមូលគ្មានប្រទេសណាមួយអាចគេចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះបានឡើយ ពោលគឺរាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយសោះឡើយ។

ផែនការទ្រង់ទ្រង់ជាតិ មានវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម សំណង់ ធនាគារ។ល។ ជាវិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញបន្តបន្ទាប់ រួមទាំងវិធានការជួយទ្រទ្រង់ដល់ជីវភាពកម្មករ-កម្មការិនីរោងចក្រកាត់ដេរ និងដេរស្បែកជើង ជួយសម្រួលដល់ថៅកែរោងចក្រ អ្នកវិនិយោគទុន សហគ្រាសធុនតូច-មធ្យម និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពសងការប្រាក់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។ វិធានការទាំងអស់នេះគឺសុទ្ធសឹងតែជាការគិតគូរបានម៉ត់ចត់គ្រប់ជ្រុងជ្រោយដើម្បីធានាបានទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរក្សាបានលំនឹងសេដ្ឋកិច្ចជាតិក្នុងអំឡុងពេលដ៏លំបាកនេះ។

កន្លងមកធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការមួយចំនួនចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជារួមមាន៖ ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេលនៃការប៉ះពាល់នៃជំងឺកូវីដ-១៩ ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ការបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជនទំនាក់ទំនងនៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាដើម។ ការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានប៉ុណ្ណោះទេ ក៏ទទួលបានការគាំទ្រ និងស្វាគមន៍ពីអន្តរជាតិផងដែរអំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការការពារសេដ្ឋកិច្ចជាតិផងដែរ។

ការរៀបរាប់ខាងលើនេះ ត្បិតថា មិនលម្អិតស៊ីជម្រៅក៏ពិតមែន ក៏ប៉ុន្តែវាជាគិតគូរដោះស្រាយបញ្ហាចំពោះមុខភ្លាមៗ ដែលគ្មានអ្នកណាអាចនឹកស្មានដល់ថា ជំងឺកូវីដ-១៩ បានបង្កមហន្តរាយវិនាសសកម្មសម្លាប់មនុស្សយ៉ាងរង្គាល និងបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសម្រាប់ពិភពលោកទាំងមូល ដែលត្រូវបានគេចាត់ទុកថា ធ្ងន់ធ្ងរជាងសង្គ្រាមលោកទាំងពីរលើកទៅទៀត។ ទោះបែបនេះក្តី គេឃើញមានអ្នកតាំងខ្លួនជាអ្នកមានកម្រិតវប្បធម៌ខាងសេដ្ឋកិច្ចខ្ពង់ខ្ពស់ជាងគេជាងឯង ផ្តល់ជាយោបល់ថា អំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋដែលជំពាក់ប្រាក់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំសងទាំងការប្រាក់ និងប្រាក់ដើម។ ការស្នើបែបនេះ ត្រូវបានអ្នកជំនាញខាងសេដ្ឋកិច្ចអះអាងថា ជាអ្នកគ្មានចំណេះដឹងខាងសេដ្ឋកិច្ចទាល់តែសោះ ផ្ទុយទៅវិញ គ្រាន់តែដើម្បីឆ្លៀតកេងចំណេញខាងនយោបាយពីជំងឺកូវីដ-១៩ ហើយស្តីបន្ទោសរដ្ឋាភិបាលថា អសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងពេលដែលកម្ពុជា និងពិភពលោកទាំងមូល គ្មានប្រទេសណាមួយអាចគេចផុតពីវិបត្តិជំងឺកូវីដ-១៩។

ការលើកឡើងល្ងិតល្ងង់ខាងសេដ្ឋកិច្ចបែបនេះ វាមិនមែនជាដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋកម្ពុជានោះឡើយ ត្បិតថា បញ្ហាសេដ្ឋកិច្ច ជារឿងសំខាន់ដែលគេត្រូវសិក្សាឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មុននឹងដាក់ចេញជាវិធានការដើម្បីអនុវត្ត។ ក៏ប៉ុន្តែ អ្វីដែលរដ្ឋាភិបាលបានធ្វើ គឺកំពុងតែសម្រួលដល់ការបង់ប្រាក់របស់ប្រជាពលរដ្ឋដែលជាប់ជំពាក់បំណុលធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាព។ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ពិតជាបានជួយដោះបន្ទុកដល់ប្រជាពលរដ្ឋដែលថមថយចំណូលអំឡុងពេលនៃវិបត្តិកូវីដ-១៩ ពីព្រោះថា ដំណើរការសេដ្ឋកិច្ចប្រទេសមួយ ប្រសិនបើផ្អាកចរន្តណាមួយនឹងធ្វើឲ្យសង្វាក់សេដ្ឋកិច្ចជាប់គាំង វាប្រៀបបាននឹងម៉ាស៊ីនមួយ តែកាលណាមីញ៉ុងណាមួយខូចលែងវិល នោះវានឹងធ្វើឲ្យប្រព័ន្ធម៉ាស៊ីនទាំងមូលលែងដំណើរការតែម្តង។

រាជរដ្ឋាភិបាលបានស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងអ្នកជំពាក់បំណុលជួបជជែកគ្នា។ ក្នុងករណីអ្នកជំពាក់បំណុលគ្មានលទ្ធភាពសង គឺត្រូវធ្វើកាលវិភាគសងឡើងវិញ មានន័យថា ទុករយៈពេលឲ្យសងវែងជាងមុន ហើយប្រសិនបើអ្នកសងគ្មានលទ្ធភាពពិតមែន អាចពន្យារពេលអំឡុងវិបត្តិកូវីដ-១៩នេះ ដោយសងការប្រាក់តិចតួចបំផុតតាមដែលអាចធ្វើទៅបាន។ ឧទាហរណ៍ថា មួយខែត្រូវសង ១០០ដុល្លារ អាចសងត្រឹមតែ ១០ដុល្លារ ក្នុងមួយខែវិញ ដោយធ្វើយ៉ាងណាកុំឲ្យអត់សងសោះ ពីព្រោះតែកាលណាអត់សងសោះ គឺមានអារម្មណ៍ផ្សេងក្នុងការចាយវាយ ដូច្នេះអ្វីដែលរដ្ឋាភិបាលបានធ្វើ គឺជាជម្រើសដ៏ល្អបំផុតអំឡុងពេលវិបត្តិកូវីដ-១៩នេះ។

សរុបមកវិញ ការអំពាវនាវរបស់ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ឲ្យប្រជាពលរដ្ឋកុំសងការប្រាក់ និងប្រាក់ដើមដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាចេតនាទុច្ចរិតបង្កើតឲ្យមានចលាចលសង្គម និងញុះញង់ឲ្យមានការប្រឆាំងនឹងរាជរដ្ឋាភិបាល ខណៈក្នុងពិភពលោកនេះ គ្មានប្រទេសណាមួយចែងច្បាប់ថា ជំពាក់គេហើយ អត់សងនោះទេ។ ការអំពាវនាវបង្កប់ដោយល្បិចពិសពុលបែបនេះ គឺជាការបោកប្រាស់ និងកំពុងលេងល្បែងនយោបាយបែបឈឺសាច់ហើយរុញប្រជាពលរដ្ឋឲ្យរងគ្រោះ មានទុក្ខទោសជំនួសខ្លួនឯង ដើម្បីចំណេញផ្នែកនយោបាយ ដែលប្រជាពលរដ្ឋទាំងអស់មិនត្រូវចាញ់បោកមេឧទ្ទាមក្រៅច្បាប់នេះឡើយ៕