ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ដែលមានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

យោងតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច បានបង្ហាញថា ក្រុមហ៊ុន បានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន ៩ ០៦៨ ហត នៅឆ្នាំ២០១៧ ដើម្បីធ្វើការដាំដុះដំណាំឧស្សាហកម្ម។ យោងលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជារួមអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍ អគ្គលេខាធិការដ្ឋានយល់ឃើញថាក្រុមហ៊ុននៅមានការយឺតយ៉ាវលើការអនុវត្តផែនការសកម្មភាពដែលបានឯកភាពជាមួយក្រសួង និងមានជួបបញ្ហានៃការផ្លាស់ប្តូរមុខដំណាំដោយជួបនឹងបញ្ហាប្រឈមទាក់ទងទៅនឹងគុណភាពដី ហើយនិងការសំអាតដីធ្លី ដែលទាមទារឱ្យក្រុមហ៊ុនពិនិត្យពិចារណាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយឡើងវិញលើឯកសារ បច្ចេកទេស គតិយុត្ត សារាចរណែនាំ និងសេចក្តីសម្រេច និងការណែនាំដែលចេញដោយក្រសួង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយដែលអាចកើតមានឡើង និងជាពិសេសធ្វើឱ្យដំណើរការនៃគម្រោងវិនិយោគមានភាពយឺតយ៉ាវ។

ចំពោះករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់អនុវត្តន៍ផែនការសកម្មភាពដែលក្រសួងបានឯកភាពឱ្យបានពេញលេញ ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីចៀសវាងបាតុភាពអសកម្ម។ ក្រុមហ៊ុនត្រូវចូលរួមសហការឱ្យបានល្អប្រសើរជាមួយអគ្គលេខាធិការដ្ឋានដើម្បីបំពេញបែបបទស្នើសុំអនុវត្តន៍ផែនការសកម្មភាពអនុវត្តន៍គម្រោងបន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឲ្យខានតែបាននូវរាល់សកម្មណាដែលខុសច្បាប់។ ជាការឆ្លើយតប ក្រុមហ៊ុនរីករាយទទួលយកអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីទៅអនុវត្ត ហើយបានសន្យាថានឹងចូលរួមសហការអនុវត្តឱ្យបានពេញលេញលើឯកសារគតិយុត្ត ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក។