ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ បន្តនាំយកអំណោយចែកជូនដល់ពលរដ្ឋខ្វះខាត ចំនួន ១១០គ្រួសារ នៅស្រុកសំរោង


តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ និងលោក កេត ម៉ៅ អភិបាលស្រុកសំរោង ព្រមទាំងមន្រ្តីរាជការសាលាស្រុក បានអញ្ជើញចូលរួមផ្ដល់ជូនអំណោយដល់ពលរដ្ឋខ្វះខាតចំនួន ១១០គ្រួសារ មកពី៣ឃុំ មានឃំុសំរោង ៥០គ្រួសារ ឃុំទ្រា ៣០គ្រួសារ និងឃុំស្លា ៣០គ្រួសារ ក្នុងស្រុកសំរោង។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាល ដាលនៃមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានបន្ថែមទៀតថា ក្នុងចំណោមខេត្តក្រុងធំៗនៅក្នុងប្រទេសកម្ពុជា មានតែខេត្តព្រៃវែងនិងខេត្តតាកែវប៉ុណ្ណោះដែលមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ហើយបើទោះបីជាខេត្តតាកែវមិនមានអ្នកឆ្លងជំងឺកូវីដ១៩យ៉ាងណាក៍ដោយក៍អាជ្ញាធរពាក់ព៍ន្ធ ជាពិសេសមន្រ្តីសុខាភិបាលបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងចុះផ្សព្វផ្សាយអប់រំពីវិធានការណ៍បង្កាផ្សេងៗដូចជាលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតពីគ្នា ដល់បងប្អូនប្រជាពលរដ្ឋដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបាញ់ថ្នាំសំលាប់មេរោគនៅតាមផ្សារ និងនៅតាមទីសាធារណៈដែលមានមនុស្សកុំករផងដែរ ដោយឡែកសម្រាប់ភោជនីយ៍ដ្ឋានយើងក៍បានធ្វើការណែនាំពីអនាម័យតាមរយៈការដាក់សាប៊ូឬអាកុលឲ្យភ្ញៀវលាងដៃមុននិងចូលភោជនីយ៍ដ្ឋានផងដែរ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រហូតមកដល់ពេលនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវបានបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលករដែលទើបវិលត្រលប់ពីក្រៅប្រទេសពីវិធីបង្ការនិងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ១៩តាមរយៈការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងរលកទី២នេះ។
សូមបញ្ជាក់ដែរថា អំណោយដែលទទួលបានពីសប្បុរសជននានា ប្រគល់ជូនគ្រួសារខ្វះខាតទាំង១១០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ៕