រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងក្រុមការងាចុះទៅកាន់តំបន់ខ្ពង់រាបភាគឦសាន ដើម្បីសិក្សាលំអិតបន្ថែមអំពីសក្តានុពលទឹក និងការរៀបចំគម្រោងអភិវឌ្ឍន៍ព្រែកឆ្លូង


នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងក្រុមការងារមួយ ដឹកនាំដោយលោក ចាន់ ស៊ីណាត ចុះទៅកាន់តំបន់ខ្ពង់រាបភាគឦសាន ដើម្បីសិក្សាលំអិតបន្ថែមអំពីសក្តានុពលទឹក និងការរៀបចំគម្រោងអភិវឌ្ឍន៍ព្រែកឆ្លូង ។

គួរបញ្ជាក់ជូនថា ព្រែកឆ្លូង ជាព្រែកធម្មជាតិដ៏ធំមួយ និងមានសក្តានុពលធនធានទឹកខ្ពស់ ។ ព្រែកនេះហូរកាត់ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តក្រចេះ ។

ក្នុងពេលកន្លងមក យើងពុំដែលបានទាញយកសក្តានុពលទឹករបស់ព្រែកឆ្លូង មកប្រើប្រាស់នៅឡើយ ដោយសារតំបន់នោះជាតំបន់សមរភូមិ ឯការដាំដុះនៅតំបន់នោះទៀតសោត ក៏មានតិចតួច ។

បន្ទាប់ពីប្រទេសមានសន្តិភាពពេញលេញ ការដាំដុះដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម នៅតំបន់នោះ បានកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនោះ តម្រូវការទឹក ក៏មានកាន់តែច្រើនឡើងៗ ។

ចំពោះមុខតម្រូវការទឹកនេះ ឯកឧត្តម លឹម គានហោ បានដឹកនាំអ្នកបច្ចេកទេសចុះសិក្សាជាបន្តបន្ទាប់ ។ តាមរយៈការសិក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យអ្នកបច្ចេកទេស គ្រោងប្លង់សំណង់កាត់ព្រែកឆ្លូង ចំនួន ០៧ កន្លែង លើកំណាត់ព្រែកឆ្លូងប្រវែងប្រមាណ ១៧០ គម ចាប់ពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដល់ខេត្តក្រចេះ ហើយជំហានបន្ទាប់ គឺការរៀបចំប្រព័ន្ធស្រោចស្រព ដើម្បីនាំទឹកទៅដល់ស្រែ ចំការរបស់បងប្អូនប្រជាកសិករ ក្នុងខេត្តទាំង ៣ ខាងលើ ៕