គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ពិនិត្យការងារខែ ឧសភា


ខេត្តកណ្តាល : ការងារចំពោះមុខដែលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ត្រូវអនុវត្តចាំបាច់ គឺត្រូវចូលរួមជាមួយ អជ្ញាធរ ខេត្ត ស្រុក ឃុំ ចុះអប់រំផ្សព្វផ្សាយដល់បងប្អូនជានារី កុមារ ដែលនៅតាមមូលដ្ឋាន ស្តីពីវិធានការការពារ ពីជំងឺ កូវីត១៩ដែលកំពុងតែរាតត្បាតនៅលើសកលលោក ធ្វើអោយមនុស្ស បាត់បង់ជីវិតរាប់ម៉ឺននាក់ មានតែប្រទេសកម្ពុជាយើងទេដែលមានអ្នកឆ្លងមេរោគកូវីត១៩នេះ ហើយមិនមានបាត់បង់ជីវិតនោះទេ។នេះជាការលើកឡើងរបស់លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធាន គ.ក.ស.ក ខេត្តក្នុងកិច្ចប្រជុំសមាញ្ញលើកទី១១អាណត្តិទី៣របស់គ.ក.ស.ក ខែ ឧសភា ឆ្នាំ ២០២០ កាលពីថ្ងៃទី ២ ខែ មិថុនា នៅសាលាខេត្តកណ្តាល។
លោកជំទាវបានបន្តទៀតថា ថ្វីត្បិតតែប្រទេសកម្ពុជាយើងមិនមានអ្នកបាត់បង់ជីវិតក្តី តែ គ.ក.ស.ក គ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ឲ្យចំគោលដៅពិសេសស្ត្រីក្រីក្រ ស្រ្តីងាយរងគ្រោះ កុមារងាយរងគ្រោះធ្វើយ៉ាងណាអប់រំ និងផ្សព្វផ្សាយឲ្យបានជាប្រចាំសំដៅអោយគាត់យល់ច្បាស់ពីវិធានកាការពារសុខភាព តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះដែរក៏ត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ និងត្រឹមត្រូវស្តីពីស្ថានភាពរបស់ស្ត្រីក្រីក្រងាយរងគ្រោះ កុមារក្រីក្រ។
ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ឡៅ វណ្ណរ័ត្ន សមាជិក្រុមប្រឹក្សាខេត្ត និងជាសមាជិក គ.ក ស.ក ខេត្តបានអានរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ដែកសម្រេចបានក្នុងខែ ឧសភា ដែលបណ្តាមន្ទីរជាសមាជិក គ.ក.ស.ក ខេត្តសំរេចបានតាមជំនាញនៃមន្ទីរនីមួយៗពិសេសការងារការចុះស្វែងយល់ ពិគ្រោះយោបល់ និងពិនិត្យជំរុញការអនុវត្តន៍សកម្មភាព លើកកំបស់កិច្ចការ សេវាសង្គម ពាក់ព័ន្ធស្ត្រី និងកុមារ និងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ មេសា លើកតី១០អាណត្តិទី៣។
សមាជិកអង្គប្រជុំក៏បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តផែនការសកម្មភាពរបស់ គ.ក.ស.ក ប្រចាំខែ មិថុនា ឆ្នាំ ២០២០ផងដែរ៕