កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី ០១ លើកទី ០១


កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី ០១ លើកទី ០១នៅវេលាម៉ោង៨ និង៣០នាទី ព្រឹក ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ច ប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិថ្មី អាណត្តិទី១ លើកទី១ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ ដោយមានការ ចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញមកពីក្រសួង មហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និង អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងតំណាងបុគ្គលិកនៃអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងមានការចូលរួមពីសមាជិកអង្គប្រជុំអញ្ជើញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងមុខងារសាធារណៈ ក្រសួងបរិស្ថាន និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារសរុបប្រមាណ២៣នាក់។ កិច្ចប្រជុំនេះបានពិនិត្យនិងពិភាក្សាលើរបៀបវារ:ចំនួនបួនគឺ៖
(១) លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ២០២០របស់អាជ្ញាធរជាតិព្រះវិហារ (២) គម្រោង ថវិកាឆ្នាំ២០២១ (៣) សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃអាជ្ញាធរជាតិព្រះវិហារនិងរចនាសម្ព័ន្ធនៃអាជ្ញាធរជាតិព្រះវិហារ និង(៤) បញ្ហាផ្សេងៗ។