សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រោសប្រទានដល់ប្រជារាស្ត្រ ៥៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសាមគ្គីមានជ័យ


កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចចៅហ្វាវាំងវរៈវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ប្រោសប្រទានដល់ប្រជា
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូល និងរលំផ្ទះចំនួន ៥៩ខ្នង ស្ថិតនៅក្នុងឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីសម្រាលទុក្ខលំបាក។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបន្ទូលសាកសួរសុខទុក្ខដល់បងប្អូនកូនចៅទាំង
អស់ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ តាមរយៈការទទួលបានដំណឹងដ៏សែនសោកសាយពីសាខាកាក
បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានណែនាំនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តរក្សាការពារខ្លួន ក្រុមគ្រួសារពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលកំពុងតែយាយីពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែការពារខ្លួនពីជំងឺកូវីដ១៩នោះទេ គឺត្រូវរស់នៅដោយមានអនាម័យជាប្រចាំ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវការពារខ្លួនពីបាតុភូតធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្រ្តាក់ ជាដើម។

ព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្រាប់គ្រួសារនីមួយៗទទួលបានរួមមាន៖

១. គ្រួសាររលំផ្ទះ ទទួលបានៈ អង្ករ ០២ បាវ ស្មើនឹង ១០០ គីឡូក្រាម, មី ០២ កេស,ឃីត ០២កញ្ចប់ (មុង ០១,ក្រមា ០១,សារុង ០១ ,ភួយ ០១) ត្រីខ ២០កំប៉ុង កៅស៊ូតង់(៤មx៦ម) ០២ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ចំនួន ០២ និងថវិកា ៨០០,០០០រៀល។

២.គ្រួសាររបើកដំបូល ជញ្ជាំងផ្ទះ ទទួលបាន អង្ករ ០២ បាវ ស្មើនឹង ១០០ គីឡូក្រាម,​ មី ០២ កេស, ឃីត ០២កញ្ចប់ (មុង ០១,ក្រមា ០១,សារុង ០១ ,ភួយ ០១) ត្រីខ ២០កំប៉ុង កៅស៊ូតង់(៤មx៦ម) ០២ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ចំនួន ០២ និងថវិកា ៤០០,០០០រៀល ៕