រដ្ឋសភា បន្តបើកសម័យប្រជុំពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២


(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១១រូប។

សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ ធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំម្សិលមិញនេះ រួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ៤៤មាត្រា ដែលមានលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

២៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។ សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា ដែលមានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់៕