ថ្ងៃចុងសប្តាហ៍នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យនិងព្យាបាល ជំងឺឥតគិតថ្លៃ ជូនប្រជាពរដ្ឋជាង៣០០០ នៅខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺចំនួន៣៦៦០ នាក់បានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពី សំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧ ដែល សកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោក វេជ្ជបណ្ឌិត ស៊ូ ស៊ីផាណា ប្រធានប្រតិបត្តិ តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុម ប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមាន ការចូលរួមពីអាជ្ញាធរ ខេត្ត ស្រុក ក្រុមការរងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រុមហ៊ុន យុវជន និងប្រជាពលរដ្ឋ ជាច្រើននាក់ ។
លោក វេជ្ជបណ្ឌិត ស៊ូ ស៊ីផាណា បានមាន ប្រសាសន៍ថាការចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាពេលនេះគឺជាការយក ចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានស្នើឱ្យសមាគមបានចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស។ លោកបានបញ្ជាក់ថា គឹតមកដល់ពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំង២៥រាជធានីខេត្ត សរុបជាង១៧ម៉ឺននាក់ ។
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានមាន ប្រសាសន៍ថាក្នុងនាមអជ្ញាធរខេត្តនិងប្រជាពលរដ្ឋមានសេចក្តីសោមមនស្សរីករាយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុង គងពិសីនាពេលនេះដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុនសែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជាមួយគ្នានោះដែរលោកក៏បានសូមថ្លែងអំណរគុណសកម្មភាពមនុស្សធម៌សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ពឺនេះ។
ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃបានបង្ហាញអារម្មណ៍រីករាយដែល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់ភូមិឃុំគាត់ផ្ទាល់ ។
តាមរបាយការណ៍របស់គ្រូពេទ្យបានឲ្យដឹងថា ការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងខេត្តកកំពង់ស្ពឺនៅពេលនេះ បានពិនិត្យ ព្យាបាលជំងឺទូទៅបានចំនួន២៧៤៤ នាក់ពិនិត្យនិងព្យាបាលត្រចៀក ច្រមុះ បំពង់កបានចំនួន៧៤នាក់ ពិនិត្យស្ត្រីដែលមានផ្ទៃពោះនិងព្យាបាលរោគស្រ្តីបានចំនួន២២២នាក់ វះកាត់តូចបានចំនួន៤៤នាក់ ព្យាបាលជំងឺមាត់ធ្មេញបានចំនួន២២៤នាក់ពិនិត្យភ្នែកបានចំនួន២១៥នាក់និងបញ្ជូនអ្នកជំងឺមកព្យាបាលបន្តចំនួន១៤នាក់ព្យាបាលឬសដូងបាតចំនួន៣០នាក់ អេកូបេះដូង៥នាក់ ចាក់សន្លាក់ចំនួន១៤នាក់ សរុបទាំងអស់ចំនួន៣៦៦០នាក់។
សូមបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយដែលសមាគមTYDA ចុះធ្វើ សកម្មភាពពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ៕