អភិបាលខេត្តកណ្តាល យកអំណោយកាកបាទក្រហមកម្ពុជា ចែកពលរដ្ឋ៣ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល


(កណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ១០០គ្រួសារ មកពី៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅជានិច្ចក្នុងគ្រាលំបាកនានា ពោលទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ក្រុមប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ទាំង៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល បានសំដែងអំណរសាទរ និងលើកម្រាមដៃដប់អរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភជាអំណោយយ៉ាងច្រើនដល់ពួកគាត់ ដែលកំពុងជួបជីវភាពខ្វះខាត អំឡុងពេលកូវីដ១៩នេះ ដែលកាយវិការមនុស្សដ៏មហាបវរប្រសើរថ្លៃថ្លានេះ ពិតជាទេវតាចុះជួយពលរដ្ឋខ្មែរពិតៗ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលអំណោយទាំង ១០០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ខ្ទឹមស ១កញ្ចប់ ទឹកអាល់កុល ១ដប ម៉ាស ១០បន្ទះ និងថវិកា ១៣០,០០០រៀល៕