ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ អញ្ជើញប្រគល់ផ្លូវក្រាលកៅស៊ូមានប្រវែងជាង ១០ គីឡូម៉ែត្រ នៅស្រុកពញាឮ ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់


ផ្លូវក្រាលកៅស៊ូមានប្រវែងជាង១០ គីឡូម៉ែត្រ នៅស្រុកពញាឮ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសំដែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ ។
ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ផងដែរ​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ផ្តាំ​ផ្ញើ​ជូន​ពួក​គាត់​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យជាប្រចាំ​ ចៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​ ដោយរួម​គ្នាបង្ការ និង​ទប់​ស្កាត់​នូវ​ជម្ងឺ​កូវីដ​-១៩​ តាម​ការ​ណែ​នាំ​របស់​រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល។

ឯកឧត្ដមបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមចូលរួមរក្សាផ្លូវនេះអោយបានល្អ កុំដឹកលើសទំងន់ ដើម្បីអោយផ្លូវនេះប្រើប្រាស់បានយូរអង្វែង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកឡានដាក់ខ្សែក្រវាត់អោយបានត្រឹមត្រូវ ស្រវឹងកុំបើកបរ បើបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នា អនុវត្តអោយបាននូវអនុសាសន៍របស់សម្ដេចតេជោ ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍។

បន្ទប់ពីប្រគល់ផ្លូវជូនប្រជាពលរដ្ឋ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាល របស់ស្នាក់ការស្រុកពញាឮ។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានអោយដឹងថា ដោយមានសំណូមពរពីប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ នៅក្នុងវេទិកាសាធារណៈ និងដោយមើលឃើញពីការលំបាកជាស្ដែងរបស់ប្រជាពលរដ្ឋ ទើបឯកឧត្ដម លឹម គានហោយ បានធ្វើការជួសជុលក្រាលកៅស៊ូផ្លូវនេះឡើង។ ហើយផ្លូវកៅស៊ូដែលប្រគល់ជូននេះ មានប្រវែង១២៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅឃុំភ្នំបាត ឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។