ព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៥ លោក អ៊ីង ឆាយ អភិបាលរងខេត្តនឹងជាអនុប្រធានទី១ ក្រុមការងារចុះជួយភូមិអំពេង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណ:អភិបាលស្រុកដំណាក់ចង្អើរ ក្រុមប្រឹក្សាស្រុកដំណាក់ចង្អេីរ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្នុងនោះអំណោយ ដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម ថវិកា៥ម៉ឺនរៀល និងសំបុត្រកំណើត ០១សន្លឹក ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្ត បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាសុខភាពអនាម័យជាប្រចាំ ដើម្បីចៀងវាងការឆ្លងនៅជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ព្រោះទាំងប្រទេសជិតខាង និងក្នុងប្រទេសកម្ពុជាយើងនៅតែមានជំងឺកូវីត-១៩នេះនៅឡើយ ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញអោយប្រជាពលរដ្ឋទាំងអស់កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ ដោយត្រូវយកពេលវេលាទៅប្រកបមុខរបរផ្សេងៗ ដាំដុះដំណាំផ្សេងៗដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានក្នុងការផ្តល់ដំណឹងអំពីជនសង្ស័យដែលមានការពាក់ព័ន្ធបទល្មេីសផ្សេងៗ ជាពិសេសការប្រេីប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដេីម្បីឆ្លេីយតបទៅនឹងគោលនយោបាយភូមិឃុំមានសុវត្តិភាព និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ក្រៅពីនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តបំរើ និងផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕
អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារ
