រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍


ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងធម្មការ និងសាសនា នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះលោកជំទាវជាថ្នាក់ដឹកនាំនារី និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំទាំងអស់ដែលបានអញ្ជើញចូលរួមសកម្មភាព កិច្ចការងាររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ របស់ក្រសួងធម្មការ និងសាសនា និងសូមគាំទ្រនូវរាល់សកម្មភាព និងកិច្ចការងាររបស់សមាគមនារីកម្ពុជា សាខាក្រសួងធម្មការ និងសាសនា។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ សមាគមនារីកម្ពុជាក៏នៅតែរក្សាបាននូវការដឹកនាំភាពឯករាជ្យម្ចាស់ការ ពង្រឹងចឹញ្ចឹមចលនារបស់ខ្លួន និងសហការជាមួយដៃគូរអភិវឌ្ឍន៍ ដោយប្រកាន់ខ្ជាប់នូវឆន្ទៈ ទស្សនៈ និងគាំទ្រ យ៉ាងមុតមាំលើការអនុវត្តនូវកម្មវិធីនយោបាយ«ឈ្នះ ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងធ្វើឱ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា៖ សូមលោកជំទាវ ជាថ្នាក់ដឹកនាំនារីជួយក្រើនរំឮកដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ឱ្យប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេបើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។