ឃុំ-សង្កាត់អនុវត្តបានល្អក្នុងចលនាប្រឡងប្រណាំងភូមិឃុំ មានសុវត្ថិភាព ទទួុលប័ណ្ណ និងលិខិតសរសើរ


ខេត្តកណ្តាល : ក្នុងចំណោម ឃុំ សង្កាត់ទាំង ១២៧ របស់ខេត្តកណ្តាល មានឃុំសង្កាត់ដែលទទួលបានពីការវាយតំលៃជាប្រភេទទី១មានចំនួន៦៥ឃុំ ១សង្កាត់ ប្រភេទទី២ មាន៤៦ឃុំ និង៨សង្កាត់ និងប្រភេទទី៣ មានចំនួន ១៦ឃុំ និង១សង្កាត់។លទ្ធផលនៃការវាយតំលៃនេះត្រូវបាន លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានប្រារព្ធធ្វើនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត បានអោយដឹងពីការវាយតំលៃលើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដោយផ្អែកទៅលើការប្រឡងប្រណាំងពីការវាយតំលៃ អំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសលទ្ធផលចាត់តាំងអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ការងារផ្សព្វផ្សាយផែនការ ការរៀបចំវេទិកាសាធារណះ ការកសាងចលនាប្រជាការពារ និងការងារពង្រឹងប៉ុស្ត៍នគរបាលរដ្ឋបាល។
ផ្តល់អនុសាសន៍ដល់កិច្ចប្រជុំទាំងមូល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍ថា ជាការពិតណាស់ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណា្តប់ធ្នាប់សាធារណៈ ជា កក្តាគន្លឹះ ដែល​ផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យ ផ្សេងៗទៀតមានការរីកចម្រើន ​ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ជាប្រមុខ កម្ពុជាបានឆ្លងកាត់ដំណាក់កាល នៃការធ្វើ កំណែទម្រង់ស៊ីជម្រៅជាច្រើន ក្នុងគោលបំណងដើម្បីកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។
ឯកឧត្តមបានបន្តថា ទោះបីយើងទទួលបានលទ្ធផលគួរជាទីមោទនៈក៏ពិតមែន ប៉ុន្តែការប្រព្រឹត្តទៅនៃចលនា អនុវត្ត​គោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” នៅមានបញ្ហាប្រឈមជាច្រើនដែលពាក់ព័ន្ធ ដល់ការងារពង្រឹងតួនាទី​ដឹកនាំ ការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ពិសេសការបំផុសចលនាប្រឡង ប្រណាំង នៅមិនទាន់ស៊ីជំរៅ ដោយនៅមានលក្ខណះស្មុគស្មាញ និង​បន្ទុក​ការងារកាន់តែច្រើន ដែលត្រូវចំណាយពេលវេលា មធ្យោបាយ សំភារ ថវិកា និងកំលាំងកាយ ចិត្ត យ៉ាងធំធេង បន្ថែមទៀត ។
ឯកឧត្តម បានបន្ថែមថា ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មាន អំពី ទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹង បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំង ខិតខំដោះស្រាយនូវសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង ឱ្យបានរួសរាន់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅ​ធ្វើឱ្យវេទិកាសាធារណៈទទួលបាននូវគុណប្រយោជន៍ និង ការឆ្លើយតបពិតៗ ។
ឯកឧត្តមបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែង​របស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់​​​​ទាំងអស់ ដែល​បានរួមសហការ​គ្នា យ៉ាងល្អ​ក្នុងការ​​អនុវត្តគោល​នយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព​» និងសូមចូលរួមអបអរសាទរ ចំពោះ រដ្ឋបា​ល​​ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ​-​សង្កាត់ទាំងអស់ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ​ «ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព» នៅក្នុង ឆ្នាំ២០១៩ កន្លងមកនេះ ៕