ថ្នាក់ដឹកនាំខេត្តរតនគិរី បានទទួលជួបជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក


ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំខេត្តរតនគិរី បានទទួលជួបជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលប្រតិភូអញ្ជើញចុះបំពេញបេសកកម្មទស្សនកិច្ចសិក្សាស្វែងយល់ពីការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅខេត្តរតនគិរី។

ក្នុងឱកាសនេះលោកជំទាវបានសម្តែងនូវសុទិដ្ឋនិយមចំពោះកំណើនទេសចរណ៍ក្នុងរយៈពេលចុងក្រោយនេះ លោកជំទាវកត់សម្គាល់ថាខេត្តភាគឥសាន្តនៅរៀងរាល់ចុងសប្តាហ៍មានភ្ញៀវទេសចរណ៍មកកម្សាន្តហាក់មានសន្ទុះកើនឡើង ដែលនេះជាកត្តាល្អសម្រាប់ជំរុញដំណើរការសេដ្ឋកិច្ចក្នុងខេត្ត។ ប៉ុន្តែយ៉ាងក៏ដោយលោកជំទាវបានសម្តែងនូវក្តីបារម្ភចំពោះការធ្វេសប្រហែសរបស់ភ្ញៀវទេសចរណ៍ និងការចម្លងរលកទី២ ក្រោយពេលដែលកម្ពុជាមិនមានការចម្លងថ្មីកន្លងមកនាំឲ្យមានសន្តិភាពនិយមមិនបានយកចិត្តទុកដាក់ការពារ។ លោកជំទាវក៏បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តដែលបានចាត់វិធានការឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍ដោយបានធ្វើចត្តាឡីស័កអ្នកធ្វើដំណើរចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត។ លោកជំទាវរដ្ឋលេខាធិការបានជំរុញអាជ្ញាធរខេត្តបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវទេសចរណ៍ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹងសាប៊ូ ពាក់ម៉ាស់ ការរក្សាគំលាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មីនៃបរិបទសង្គម។ លោកជំទាវក៏ក្រើនរំលឹកផងដែរឲ្យអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ចូលរួមទប់ស្កាត់ផងដែរនូវជំងឺគ្រុនឈាម និងគ្រុនចាញ់ដែលអាចនឹងកើតមានឡើងនារដូវវស្សានេះ។

ជាការឆ្លើយតប ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្តែងនូវការស្វាគមន័ និងក្តីអំណរគុណចំពោះប្រតិភូក្រសួងសុខាភិបាលដែលបានឆ្លៀតឱកាសដ៏មមាញឹកចុះបំពេញបេសកកម្មនៅខេត្តដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនេះ ដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងរបស់ថ្នាក់ដឹករបស់កម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ទៅនឹងស្ថានភាពនេះ។ ទន្ទឹមនឹងនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់។ សម្រាប់តទៅមុខអាជ្ញាធរខេត្តនឹងបន្តធ្វើការពិនិត្យ និងជំរុញការផ្សព្វផ្សាយព្រមទាំងគៀគរឲ្យមានការចូលរួមទាំងអស់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្ត ដើម្បីបង្ការបាននូវការរីករាលដាលរលកទី២នៃមេរោគកូវីដ-១៩។ ឆ្លើយតបទៅនឹងការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាម ឯកឧត្តមបានអះអាងថា កន្លងមកអាជ្ញាធរខេត្ត តាមរយៈមន្ទីរសុខាភិបាលខេត្ត និងការចូលរួមពីអាជ្ញាធរបានធ្វើការផ្សព្វផ្សាយបានទូលំទូលាយ និងវិធានការដាក់ថ្នាំអាបែតជាដើម ហើយទស្សនវិស័យរបស់ខេត្តនឹងបន្តសហការនិងជំរុញការផ្តល់សេវាសុខមាលភាពសាធារណៈនៅជនបទឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។