រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ


នាព្រឹកថ្ងៃអង្គារ៍ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក និងសមាជិកជាច្រើនរូប ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពផ្តោតសំខាន់លើការស្តាប់របាយការណ៍ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារទប់ស្កាត់ការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការកំណត់រោងសន្និធិលក់ចែកចាយ អនុផលព្រៃឈើដែលមានប្រភពពីសម្បទានក្រោមរូបភាពជាច្រកចេញចូលតែមួយ ដើម្បីឲ្យប្រជាជនមានឈើប្រើប្រាស់ដោយមិនមានការដឹកជញ្ជូនឆ្ងាយពេក ។ហើយកិច្ចប្រជុំក៏លើកយកនូវត្រៀមរៀបចំបន្ថែមនូវសាវតា ប្រវត្តិ និងឯកសារពាក់ព័ន្ធនូវនិមិត្តសញ្ញារដ្ឋបាលខេត្ត ដាក់ជូនក្រសូងមហាផ្ទៃពិនិត្យសម្រេច នាពេលខាងមុខ ។